ឈ្វេងយល់ពីប្រភេទធនធានរ៉ែ និងអាជ្ញាបណ្ណធនធានរ៉ែ នៅកម្ពុជា
ភ្នំពេញ ៖ ការរុករកធនធានរ៉ែ គឺការសិក្សាស្រាវជ្រាវ ក្នុងបំណងរកឲ្យឃើញ ធ្វើតេស្តសន្ទស្សន៍រ៉ែ ដើម្បីកំណត់សក្តានុពល ទំហំ គុណភាព បរិមាណ ព្រមទាំងលទ្ធភាពសេដ្ឋកិច្ច អាជីវកម្ម តាមរយៈការធ្វើបុរេសនា ការស្រាវជ្រាវភូគព្ភសាស្ត្រ រូបភូគព្ភសាស្ត្រ និងគីមីភូគព្ភសាស្ត្រ ការជីកកកាយ ការខួង ការដឹកជញ្ជូន និងការធ្វើវិភាគដី ដីល្បាប់ ទឹក ថ្ម និងគំរូរ៉ែផ្សេងៗទៀត។ នេះបើយោងតាមឯកសារ ដែល CNC ទទួលបានពីក្រសួងរ៉ែ និងថាមពល។
ប្រភពខាងលើបានបន្ថែមថា អាជីវកម្មធនធានរ៉ែ គឺជាប្រតិបត្តិការជីកយកធនធានរ៉ែ ដែលក្នុងនោះធនធានរ៉ែ ត្រូវបានយកចេញពីជម្រករ៉ែ ធ្វើប្រព្រឹត្តិកម្ម ដឹកជញ្ជូន លក់ដូរ ឬការនាំចេញក្នុងគោលបំណងពាណិជ្ជកម្ម។
ចំពោះប្រភេទអាជ្ញាបណ្ណធនធានរ៉ែនៅកម្ពុជាវិញ រួមមាន ៖ ១.អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ, ២.អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម, ៣.អាជ្ញាបណ្ណអាជីវកម្មរ៉ែត្បូងថ្មមានតម្លៃ, ៤.អាជ្ញាបណ្ណកែឆ្នៃធនធានរ៉ែ,៥.អាជ្ញាបណ្ណស្វែងរុករក, និង៦.អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។
ធនធានរ៉ែ ត្រូវបានបែងចែកជាប្រភេទ សម្រាប់ការគ្រប់គ្រងវិស័យរ៉ែ នៅកម្ពុជា៖ ១.ធនធារ៉ែលោហៈ, ២.ធនធានរ៉ែត្បូងថ្មមានតម្លៃ ពាក់កណ្តាលមានតម្លៃ និងថ្មសំអាង, ៣.ធនធានរ៉ែឥន្ធនៈរឹង (ធ្យូងថ្ម) ៤.ធនធានរ៉ែឧស្សាហកម្មដី និងថ្ម។
ធនធានរ៉ែលោហៈ មានដូចជា ៖
-ដែកស្ពាន់ធ័រ៖ រ៉ែប្រភេទនេះ គេតែងប្រទះឃើញស្ទើរតែគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជា ហើយគេតែងយល់ច្រលំជារ៉ែមាស ឬអ្នកខ្លះហៅថាមាសស្រួយ មាសខ្ចីជាដើម។
-រ៉ែមាស៖ កកើតនៅក្នុងធម្មជាតិ
-រ៉ែបុកស៊ីត៖ វត្ថុធាតុដើមសម្រាប់ផលិតអាលុយមីញ៉ូម
-រ៉ែដែក៖ វត្ថុធាតុដើមសម្រាប់ផលិតដែក
ធនធានរ៉ែត្បូងថ្មមានតម្លៃ ពាក់កណ្តាលមានតម្លៃ និងថ្មសំអាង មានដូចជា៖
-ត្បូងថ្មមានតម្លៃ មានដូចជា ៖ ត្បូងទទឹម កណ្តៀង និងមរកត។ល។
-ត្បូងថ្មពាក់កណ្តាលមានតម្លៃ មានដូចជា ៖ សៀកកុន, អាមេទីស, តូប៉ាស។ល។
-ថ្មសំអាង មានដូចជា ៖ កាលសដូន, អាសូរីត, អូប៉ាល់ធម្មតា, អាហ្គាត, ហ្សេត, ម៉ាឡាស៊ីក, ឈើថ្ម, ថ្មថ្លើមអណ្តើក។ល។
-ធនធានរ៉ែឧស្សាហកម្មដីនិងថ្ម មានដូចជា ៖ ពពួកថ្មកាបូណាត (ថ្មកំបោរ ម៉ាបកាស៊ីត ដូឡូមីត), ថ្មភក់, ផូសស្វាត, ខ្សាច់ស៊ីលីកា៕
ដោយ ៖ សន ពិសិដ្ឋ






