ព័ត៌មានជាតិ

កសិករមួយចំនួនកំពុងស្វែករកវិធីសាស្ត្រចិញ្ចឹមខ្យងស្រែ ខណៈលក់បានតម្លៃខ្ពស់នៅកោះកុង

image

អត្ថបទ៖ តាំង សុន្នី

កោះកុង៖ ខ្យងស្រែធម្មជាតិ កំពុងមានតម្រូវច្រើន នៅលើទីផ្សារនៅខេត្តកោះកុង ហើយកសិករកំពុងចាប់ផ្តើមស្វែងរកវិធីសាស្ត្រចិញ្ចឹម។ កសិករមួយគ្រួសាររស់នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ផ្តើមសាកល្បងដំបូងគេ លើមុខរបរចិញ្ចិមខ្យងស្រែធម្មជាតិ ក្នុងគោលបំណងពង្រីកទីផ្សារខ្យងស្រែមួយប្រភេទនេះ ឲ្យបានទូលំទូលាយនៅលើទឹកដីតំបន់ឆ្នេរ របស់ខេត្តកោះកុង។

លោក ហង្ស ហៀង វ័យ៦០ ឆ្នាំ ជាកសិករឧស្សាហ៍ព្យាយាមមួយរូបរស់នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មើលឃើញថា ប្រជាពលរដ្ឋខេត្តកោះកុង មួយចំនួនផ្តើមធុញថប់លើការទទួលទានអាហារសមុទ្រ និងផ្តើមងាករក អាហារ ប្លែកៗបែបធម្មជាតិ នាំចូលមកពីបណ្តាខេត្តផ្សេងៗ នៅតាមដងទន្លេមេង្គ។ ក្នុងនោះខ្យងស្រែជាអាហារមួយបែប ដែលប្រជាពលរដ្ឋខ្មែរយើង មានការនិយមគាំទ្រ ច្រើននៅក្នុងទឹកដីខេត្តកោះកុង។

កសិករវ័យ ៦០ ឆ្នាំរូបនេះ កំពុងមានសុទិដិ្ឋនិយមរបស់ខ្លួនថា គាត់នឹងទទួលបានផលជាវិជ្ជមានលើមុខរបរមួយនេះ ខណៈមានការបញ្ជាទិញពីអតិថិជនច្រើនណាស់ ក្រោយដឹងថា ផ្ទះរបស់គាត់មានចិញ្ចឹមខ្យងស្រែបែបធម្មជាតិ ទាំងរូបគាត់ទើបបើកការចិញ្ចិមរយៈពេល៣ខែ ដែលខ្យងរបស់គាត់ទើបតែពងកូន។

ម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋាន មួយចំនួនហ៊ានឲ្យតម្លៃខ្ពស់ជាង ការនាំចូលមកពីបណ្តាខេត្តផ្សេងៗ ដោយម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងនោះអះអាងប្រាប់គាត់ថា ពួកគេជួបផលលំបាកក្នុងការបញ្ជាទិញ ព្រោះការដឹកជញ្ជូនប្រើពេលយូរ ក្រនឹងមកដល់ មិនរហ័សតាមតម្រូវការ។

លោក ហង្ស ហៀង បាបបង្ហើបឲ្យ ស៊ី អិន ស៊ី ដឹងបន្ថែមទៀតថា លោកនឹងបញ្ជាទិញពូជខ្យងបន្ថែមទៀតមកពីខេត្តកំពង់ចាម និងកំពង់ឆ្នាំង។ 

ទន្ទឹមនឹងនេះលោកបង្ហើបឲ្យដឹងទៀតថា ទាក់ទង នឹងការងារនេះលោក ពុំដែលមានបទពិសោធន៍លើការចិញ្ចឹមខ្យងស្រែប្រភេទនេះឡើយ ហើយការចិញ្ចឹមខ្យងស្រែនេះ ជួបផលលំបាកច្រើន ក្នុងការថែទាំ ករណីដូចជា លំបាកក្នុងកំណត់កម្រិតទឹកជាដើម ការកំណត់កម្រិតទឹកមិនសមស្រប ធ្វើឲ្យសត្វខ្យងពិបាក និងបន្ស៊ាំជាមួយមជ្ឈដ្ឋានថ្មីរបស់វា ខណៈការប្រើប្រាស់ទឹក ក្នុងទឹកដីនេះ មិនសូវល្អដូចនៅខាងស្រុកតាមដងទន្លេ៕