ព័ត៌មានជាតិ

ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង១២០នាក់ ចុះជួយចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅខេត្តចំនួន៣

image

  

  ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង១២០នាក់ ក្នុងនោះមានគ្រូពេទ្យ​ចំនួន១២០នាក់ និងអ្នកសម្របសម្រួលចំនួន៩នាក់ បានចេញបេសកកម្ម ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋ នៅខេត្តចំនួន៣ ក្នុងនោះមាន ​​ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តពោធិ៍សាត់។

  ថ្លែងប្រាប់ CNC នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ, លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា សភាពការណ៍កូវីត១៩ ជាសភាពការលឿន ជាសភាពការណ៍បន្ទាន់ ហើយយើងមិនមែនត្រឹមតែរត់តាមវា ឬរត់ឲ្យទាន់វានោះទេ គឺយើងត្រូវរត់ប្រណាំងឲ្យឈ្នះវា ដើម្បីចូលរួមទប់ស្កាត់កុំឲ្យជំងឺនេះ ឆ្លងទៅដល់ប្រជាពលរដ្ឋ​បន្តទៅទៀត ។ ក្នុងន័យនេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះ មានការឆ្លងរាលដាលតទៅទៀត។

  លោក បន្ថែមថា «ក្រោមការដឹកនាំផ្ទាល់ របស់លោក ហ៊ុន ម៉ានី ជាប្រធានកិត្តិយស, ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសនេះ គឺជាកិត្តិយស និងមោទនភាពដ៏ធំធេង សម្រាប់ពួកយើងទាំងអស់គ្នា ហើយក៏ជាឱកាសដល់ពួកយើងទាំងអស់គ្នា ជួយដល់ប្រជាពលរដ្ឋ ប្រទេសជាតិ សេដ្ឋកិច្ចជាតិ ឲ្យរួចផុតពីការញុំញី ពីជំងឺឆ្លងដ៏កាចសាហាវនេះ»។     លោកបន្តថា «ខ្ញុំបាទនិងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយប្តេជ្ញាថានឹងធ្វើឲ្យបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ»។

  សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមការងារស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួនជាង៤,៥០០នាក់ ហើយបាន​​ចូលរួមវគ្គបណ្តុះបណ្តាល ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មានចំនួន៥៣០នាក់។

  សូមរំលឹកថា ក្រៅពីការចូលរួមជួយចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋនាពេលនេះ, ក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី កាលពីពេលកន្លងទៅ​ ​បានជួយប្រជាពលរដ្ឋ តាំងពីរយៈពេល៩ឆ្នាំមុនមកម្ល៉េះ ពោលគឺចាប់ពីដើមខែធ្នូ ឆ្នាំ២០១២ ដែលបានជួយពិនិត្យ និងព្យាបាល ចំនួន២៧៦លើក ជូនប្រជាពលរដ្ឋ​ប្រមាណ៥៥ម៉ឺននាក់ នៅទូទាំងប្រទេស ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោល ហ៊ុន ម៉ានី៕

  ដោយ ៖ សន​ ពិសិដ្ឋ