មហិច្ឆតាផលិតរថយន្តរបស់វៀតណាម ដើម្បីប្រជែងទីផ្សារសកល
វិភាគអន្តរជាតិ៖ កាលពីខែមិថុនា ឆ្នាំ២០១៩ រថយន្តសេរ៊ីថ្មីរបស់វៀតណាម ឈ្មោះថា «VinFast Fadil» ត្រូវបានដឹកចេញពីរោងចក្រក្តៅៗ ហើយត្រូវបានគេបើកសាកល្បងនៅលើដងផ្លូវនៃប្រទេសនេះ ។ រថយន្តប្រភេទ ៤ កៅអីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៧០០០ដុល្លារ ។
ពីរោងចក្រថ្មីសន្លាងរបស់ខ្លួនក្នុងទីក្រុង Haiphong ភាគខាងជើងនៃប្រទេសវៀតណាម ក្រុមហ៊ុននេះ ដាក់គោលដៅជាបឋម ផលិតរថយន្តចំនួន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ មហិច្ឆតាកាន់តែធំ! ក្រុមហ៊ុន VinFast មានគម្រោងបង្កើនផលិតកម្មខ្លួនដល់ទ្វេដង ពោលគឺ ៥០ម៉ឺនគ្រឿងជាប្រចាំឆ្នាំ ហើយក៏ដូចជា ជំរុញការផលិតរថយន្ត១២ម៉ូឌែលផ្សេងទៀត រួមមាន SUVs ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។
ទាក់ទិននឹងមហិច្ឆតាដ៏ធំនេះ រដ្ឋាភិបាលវៀតណាម សង្ឃឹមថា គម្រោងនេះ នឹងជួយផ្តល់សន្ទុះកាន់តែខ្លាំងក្លាបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើននៃវិស័យឧស្សាហកម្មតម្លៃខ្ពស់ ដែលធានាឲ្យបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារសាកល។
កាលពីថ្មីៗនេះដែរ ក្រុមហ៊ុន VinFast បានបង្ហើបពីផែនការបង្កើតរោងចក្រផលិតរថយន្តមួយ ក្នុងសហរដ្ឋអាមេរិក ដែលស្ថិតក្នុងយុទ្ធសាស្រ្តការលក់របស់ខ្លួននៅទីនោះ ក្នុងឆ្នាំ២០២២។ យោងតាមទូរទស្សន៍អាមេរិក Bloomberg នាយកប្រតិបត្តិក្រុមហ៊ុននេះ បានលើកឡើងថា ទស្សនវិស័យរបស់ក្រុមហ៊ុន VinFast គឺក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃសកលមួយ ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារអន្តរជាតិដំបូងដែលយើងនឹងផ្តោតសំខាន់ទៅលើ។
របាយការណ៍ចុងក្រោយ បង្ហាញថា កាលពីឆ្នាំមុន ក្រុមហ៊ុន VinFast លក់ដាច់រថយន្ត៣ម៉ឺនគ្រឿង ហើយក្រុមហ៊ុននេះព្យាករណ៍ទុកថា នឹងលក់ដាច់ជាង៤៥០០០គ្រឿងក្នុងឆ្នាំ២០២១នេះ។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ក្រុមហ៊ុន VinFast គឺជាប្រ៊េនរថយន្តលក់ដាច់លំដាប់ទី៥ ក្នុងប្រទេសវៀតណាម។
តើនរណាជាខ្នងបង្អែករបស់ក្រុមហ៊ុនផលិតរថយន្តនេះ?
ក្រុមហ៊ុន «VinFast» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ហើយស្ថិតក្រោមការផ្គត់ផ្គង់របស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតប្រចាំប្រទេសវៀតណាម។
មែនទែនទៅ VinFast គឺជាក្រុមហ៊ុនរថយន្តវៀតណាមដំបូង ដែលបានចូលរួមពិពណ៌រថយន្តអន្តរជាតិដ៏ធំប្រចាំឆ្នាំនៅទីក្រុង ប៉ារីស កាលពីឆ្នាំ២០១៨ ដោយដាក់បង្ហាញម៉ូឌែលរថយន្តចំនួន២ LUX A2.0 និង the LUX SA2.0 ដែលផលិតឡើងលើគ្រោងឆ្អឹងរថយន្ត BMW ស៊េរី 5 និង ស៊េរី X5 ។
រថយន្តទាំងពីរម៉ូឌែលនេះ ដាក់លក់ក្នុងស្រុកវៀតណាមតម្លៃប្រមាណ៥ម៉ឺនដុល្លារ ដែលទាបជាងតម្លៃរថយន្តម៉ូឌែលដូចគ្នារបស់ក្រុមហ៊ុនអាល្លឺម៉ង់ BMW រហូតដល់ជាង៤០ភាគរយ។ ហេតុផលមួយផ្នែកគឺដោយសារតែ រដ្ឋាភិបាលវៀតណាម បានដាក់ពន្ធខ្ពស់លើរថយន្តនាំចូល ដើម្បីការពារនិងពង្រឹងផលិតផលក្នុងស្រុក។
សម្រាប់ការផលិតកម្មរថយន្តររបស់ខ្លួន ក្រុមហ៊ុន Vingroup ត្រូវបានរាយការណ៍ថា ចាក់បញ្ចូនលុយវិនិយោគចំនួន ៣ពាន់លានដុល្លារ ក្នុងការបំពាក់ឧបករណ៍ផលិតទំនើបៗក្នុងរោងចក្រទំហំ៣៣៥ហិចតា ហើយបានជួលអ្នកគ្រប់គ្រងមានទ្រព្យកោសល្យខ្ពស់ និងមានបទពិសោធយូរឆ្នាំ ។
រោងចក្រនេះទៀតសោត ចំណាយពេលត្រឹម២១ខែប៉ុណ្ណោះ ពោលគឺមិនដល់២ឆ្នាំផងដើម្បីលេចឡើងជារូបរាង ។ ជាធម្មតា រោងចក្ររថយន្តទំហំធំប៉ុន្នេះ ត្រូវការពេលយ៉ាងហោចណាស់៥ឆ្នាំ ដើម្បីសាងសង់រួច។
អ្វីដែលពិសេសនោះ ក្រុមហ៊ុននេះ ក៏បានសហការជាមួយដៃគូល្បីល្បាញ និងខ្លាំងៗ ដូចជា BMW និងក្រុមហ៊ុនផលិតផ្នែករថយន្ត Bosch ទៀតផង។ ជាឧទាហរណ៍ រថយន្ត VinFast Fadil វៀតណាមនេះ ផលិតឡើងដោយប្រើប្រាស់តួររថយន្តប្រភេទ Fadil ដែលបង្កើតឡើងដោយក្រុមហ៊ុន Opel របស់អាល្លឺម៉ង់។ ហើយ៣០ភាគរយនៃគ្រឿងផ្គុំរថយន្តនេះ គឺផលិតក្នុងស្រុកវៀតណាម។
និយាយដល់ក្រុមហ៊ុនមេរបស់ VinFast វិញ ក្រុមហ៊ុនយក្សរបស់វៀតណាមនេះ បានចាប់ផ្តើមដំបូងជាក្រុមហ៊ុនផលិតមីកំប៉ុង ហើយក៏បានប្រឡូកជើងចូលវិស័យអចលនទ្រព្យផងដែរ។ លើសពីនេះ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមធ្វើពិពិធកម្មទៅជាកាន់ទីផ្សារសំខាន់ៗផ្សេងទៀត រួមមាន ការលក់រាយ ការអប់រំ និងសុខាភិបាលជាដើម។ ម្យ៉ាងវិញទៀត កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Vingroup ដែលស្ថិតក្នុងផ្នែកមួយនៃការពង្រីកចូលទៅក្នុងវិស័យបច្ចេកវិទ្យា ក៏បានចាប់ដៃជាមួយក្រុមហ៊ុនបរទេសដើម្បីផលិតទូរសព្ទឆ្លាតវៃទៀតផង។
ក្រុមហ៊ុនឯកជនយក្ស Vingroup ជាកម្មសិទ្ធិរបស់បុរសមានជាងគេប្រចាំប្រទេសវៀតណាម លោក Pham Nhat Vuong ហើយលោក ក៏ជាកំពូលមហាសេដ្ឋីដំបូងគេរបស់ប្រទេសនេះផងដែរ។ គិតត្រឹមឆ្នាំ២០២១នេះ លោក Pham មានទ្រព្យសម្បត្តិសរុប ៧,៦ពាន់លានដុល្លារ។ យោងតាមវេបសាយ Forbes ។
ប្រាប់ទូរទស្សន៍ Bloomberg នៅដើមខែមីនានេះ លោក មហាសេដ្ឋីវៀតណាមរូបនេះ បានអះអាងថា លោកគាំទ្រមហាច្ឆិតាក្រុមហ៊ុនលោកក្នុងការវាយលុយទីផ្សាររថយន្តអគ្គិសនីក្នុងសហរដ្ឋអាមេរិក ដោយប្រើទ្រព្យសម្បតិ្តលោកផ្ទាល់២ពាន់លានដុល្លារ។
តើពិតឬទេ ការផលិតរថយន្ត នឹងក្លាយជាឧស្សាហកម្មស្នូលរបស់វៀតណាម នាថ្ងៃអនាគត?
មុននឹងឆ្លើយតបនឹងសំនួរនេះ យើងគួរត្រលប់ទៅប្រវត្តិសាស្រ្តវៀតណាមបន្តិច។ សង្គ្រាមវៀតណាមបញ្ចប់ទៅក្នុងឆ្នាំ១៩៧៥ ដោយមានការបង្រួបបង្រួមវៀតណាមទាំងពីរ។ ក្នុងពេលនោះវៀតណាមបានក្លាយជាប្រជាជាតិក្រីក្របំផុតមួយនៅក្នុងពិភពលោក ដ្បិតរដ្ឋ កុម្មុយនីស្ត នេះនៅតែបន្តអនុវត្តសេដ្ឋកិច្ចផែនការ។ ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ប្រាក់ចំណូល ប្រចាំឆ្នាំរបស់ប្រជាជនវៀតណាមម្នាក់ៗ ស្ថិតនៅចន្លោះ ២០០ ដុល្លារ និង ៣០០ ដុល្លារប៉ុណ្ណោះ។
ប៉ុន្តែ ក្រោយរដ្ឋាភិបាលវៀតណាមសម្រេចអនុវត្តគោលនយោបាយកំណែ ទម្រង់សេដ្ឋកិច្ច ដូយ មើយ «Đổi Mới»ឆ្នាំ១៩៨៦ វៀតណាមប្តូរខ្លួនរហ័សពីប្រទេសក្រីក្រ ទៅជាប្រទេសមាន សេដ្ឋកិច្ច រីកលូតលាស់រហ័សជាងគេមួយលើពិភពលោកដែលប្រកាន់«សេដ្ឋកិច្ចទីផ្សារ»តែរក្សា នយោបាយបិទ។
សព្វថ្ងៃនេះ គេអាចនិយាយបានថា វៀតណាមជាតារារះត្រដែតមួយ ក្នុងចំណោមបណ្តាប្រទេស ដែលមានសន្ទុះសេដ្ឋកិច្ចក្លៀវក្លាបំផុតក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាម ស្ថិតក្នុងរង្វង់ ៦ ទៅ ៧ភាគរយ ប្រកៀកប្រកើយនឹងចិន។ ការនាំចេញរបស់វៀតណាម មានទំហំ ទឹកប្រាក់ច្រើនស្ទើរតែប្រហាក់ប្រហែលទៅនឹងតម្លៃសរុបនៃផលិតផលក្នុងស្រុក (GDP) របស់ខ្លួន ទៅហើយ។
សេដ្ឋវិទូអន្តរជាតិជាច្រើន អះអាងថា កំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លានេះ ត្រូវបានជំរុញដោយឧស្សាហកម្មផលិតផលតម្លៃទាប ដូចជា សំលៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកតម្លៃថោកជាដើម។
ដោយឡែក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងហាណូយ ធ្លាប់បានដាក់គោលដៅដ៏មហិច្ឆតាមួយ ដោយចង់សម្រេចងារជាប្រទេសឧស្សាហកម្មមួយ ក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ ក្រោយមក វៀតណាម បានសារភាពត្រង់ៗថា គោលដៅនេះ នឹងត្រូវខកខាន ដ្បិតខ្លួនបរាជ័យក្នុងការអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មដែលមានលក្ខណៈជឿនលឿន។
មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្មុយនីសន្តវៀតណាម ចង់ឲ្យបណ្តាឧស្សាហកម្មនានា ផលិតទំនិញដែលមានតម្លៃខ្ពស់ គុណភាពល្អ ហើយក្រុងហាណូយ ក៏បានទទួលស្គាល់ថា ឧស្សាហកម្មផលិតរថយន្តជា «ឧស្សាហកម្មស្នូល» យុទ្ធសាស្ត្ររបស់ខ្លួន។
ទន្ទឹមនឹងគ្នានេះ វៀតណាម សម្លឹងឃើញថា ឧស្សាហកម្មផលិតរថយន្តថា ជាឧស្សាហកម្មមួយប្រភេទដែលអាចជណ្តើរដ៏សំខាន់ ដើម្បីឆ្ពោះទៅកាន់ឧស្សាហូបនីយកម្មពេញលេញដូច នាគអាស៊ីផ្សេងទៀត ដូចជា ប្រទេសជប៉ុន និងសិង្ហបុរីជាដើម ។
បញ្ហាប្រឈមមួយ ដែលយើងមើលឃើញ កើតឡើងចំពោះការផលិតរថយន្តរបស់វៀតណាម។ នោះគឺថា នាពេលបច្ចុប្បន្ននេះ មួយផ្នែកធំនៃផលិតកម្មរបស់ក្រុមហ៊ុន VinFast ពឹងផ្អែកលើបំណែក និងគ្រឿងបង្គំរថយន្តដែលនាំចូលពីប្រទេស។ ហើយយើងនៅរង់ចាំមើល ការវិវត្តខ្លួនរបស់ ប្រទេស ក្បែរខាងកម្ពុជា មួយនេះ ខណៈប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមហ៊ុន VinFast នេះមិនត្រឹមតែវាយលុយទីផ្សារអាមេរិកប៉ុណ្ណោះទេ តែក៏នៅអឺរ៉ុប អាហ្វ្រិក និងអាស៊ីខាងកើតផងដែរ៕
អត្ថបទស្រាវជ្រាវ៖ អ៊ឹម ម៉េងស៊ាង

