ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីរកឃើញម៉ាស៊ីនថតសំឡេងក្នុងបន្ទប់បញ្ជាយន្តហោះដែលបានធ្លាក់កាលពីខែមករា

image

ហ្សាការតា៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានរកឃើញម៉ាស៊ីនថតសំឡេងក្នុងបន្ទប់បញ្ជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ស្រីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាកាលពីថ្ងៃទី០៩  ខែមករា បន្ទាប់ពីហោះឡើងបានបន្តិចដោយបណ្តាលឲ្យមនុស្សជិះនៅលើនោះចំនួន៦២នាក់បានបាត់បង់ជីវិត។

យោងតាមលិខិតអញ្ជើញរបស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីដែលបានផ្ញើទៅក្រុមអ្នកសារព័ត៌មាន ការរៀបចំសន្និសីទសារព័ត៌មានដើម្បីពិភាក្សាពីការរកឃើញម៉ាស៊ីនថតសំឡេងក្នុងបន្ទប់បញ្ជាយន្តហោះនឹងត្រូវបានធ្វើឡើងនៅម៉ោង១១ថ្ងៃត្រង់នេះ។

អ្នកនាំពាក្យកងទ័ពជើងទឹកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថាម៉ាស៊ីនថតសំឡេងក្នុងបន្ទប់បញ្ជាយន្តហោះនោះត្រូវបានគេរកឃើញនៅថ្ងៃពុធនេះ។

ស៊ុមខាងក្រៅរបស់ឧបករណ៍ថតសម្លេងក្នុងបន្ទប់បញ្ជាយន្ដហោះប៊ូអ៊ីង ៧៣៧-៥០០ (Boeing 737-500) ត្រូវបានគេរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយការធ្លាក់ ប៉ុន្តែមកទល់ពេលនេះពួកគេបានចំណាយពេលជិត៣ខែដើម្បីស្វែងរកអង្គចងចាំ (Memory Unit) របស់វា។

របាយការណ៍បឋមពីក្រុមអ្នកស៊ើបអង្កេតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះបាននិយាយថា ដោយសារកម្លាំងម៉ាស៊ីនមិនស្មើគ្នាបានធ្វើឲ្យយន្តហោះផ្អៀងយ៉ាងខ្លាំង ហើយបន្ទាប់មកក៏បានដាំក្បាលធ្លាក់ចូលសមុទ្រ។

ការរកឃើញឧបករណ៍ថតសម្លេងក្នុងបន្ទប់បញ្ជាយន្ដហោះនឹងជួយឲ្យក្រុមអ្នកស៊ើបអង្កេតដឹងពីសកម្មភាពរបស់អ្នកបើកយន្តហោះនិងយល់ឲ្យកាន់តែច្បាស់ពីព័ត៌មានដែលទទួលបានពីប្រអប់ខ្មៅ៕

ប្រែសម្រួល៖ នីតា