ព័ត៌មានជាតិ

វិធីចិញ្ចឹមត្រីអណ្តែងក្នុងអាងផ្លាស្ទិក ដើម្បីឲ្យទទួលបានផលល្អ

image

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី 

  ភ្នំពេញ ៖ លោក អេងស៊ី សុក្រវិចិត្របុត្រ កសិករចិញ្ចឹមត្រីអណ្តែង នៅក្នុងអាងផ្លាស្ទិក នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចែករំលែកបទពិសោធន៍ថា ការចិញ្ចឹមត្រីប្រភេទនេះ ប្រើប្រាស់រយៈពេលប្រមាណ៣ខែ គឺអាចប្រមូលផលបានហើយ។

  លោកបានបន្ថែមថា ត្រីអណ្តែង គឺជាប្រភេទត្រី ដែលងាយស្រួលចិញ្ចឹមជាងគេ​ បើធៀបនឹងត្រីដទៃ ព្រោះវាធន់ អាចដាក់ចិញ្ចឹមបានច្រើនក្បាល ដោយក្នុងទំហំ១ម៉ែត្រការ៉េ អាចដាក់ចម្លោះពី៥០ទៅ១០០ក្បាល។ មួយវិញទៀត ត្រីប្រភេទនេះ គឺហាក់ធន់នឹងជំងឺផងដែរ បើធៀបនឹងត្រីដទៃ។  

  ដើម្បីឲ្យការចិញ្ចឹមត្រីអណ្តែង នៅក្នុងអាងផ្លាស្ទិក ទទួលបានផលល្អ, លោក សុក្រវិចិត្របុត្រ បានចែករំលែកនូវវិធីសាស្ត្រចំនួន៣ចំណុច៖

  ចំណុចទី១. ​ការធ្វើអាង គឺត្រូវធ្វើឲ្យបានរឹងមាំល្អ និងសមស្របទៅតាមចំនួនត្រី ដែលត្រូវដាក់។ ដោយក្នុងនោះ អាងទំហំ៤x៦ម៉ែត្រ គឺអាចចិញ្ចឹមត្រីបាន២ពាន់ក្បាល។ 

  ចំណុចទី២. ​​ទឹកដែលយើងអាចយកមកចិញ្ចឹមត្រីអណ្តែងបាន គឺមានទឹកទន្លេ ​ទឹកជ្រោះ ទឹកបឹង ទឹកស្រះជាដើម ជៀសវាងការយកទឹកអណ្តូងបុកមកប្រើប្រាស់ ព្រោះវាមិនផ្តល់ទិន្នផលល្អនោះទេ។ ដោយសារទឹកអណ្តូង មានសមាសធាតុរ៉ែ ដូចជា សារធាតុកំបោរ, អាស្សូនិក, ដែកជាដើម។

  ចំពោះចំណុចទី៣. ​ការទិញកូនត្រី គឺ​ត្រូវទិញកូនត្រី ដែលមានអាយុចម្លោះពី៤៥ថ្ងៃដល់៥០ថ្ងៃ បន្ទាប់ពីវាញាស់រួច។ ប្រសិនបើយើងទិញចំកូនត្រីចាស់ខែ តែមានទំហំតូច ព្រោះអ្នកភ្ញាស់លក់ មិនឲ្យចំណីគ្រប់គ្រាន់នោះ ការលូតលាស់របស់ត្រី នឹងមានការថយចុះ។

  ពាក់ព័ន្ធនឹងការប្រើប្រាស់ចំណី គឺយើងអាចយកចំណីដែលមានប្រូតេអ៊ីន៤០ភាគរយ នៅក្នុងខែទី១, ខែទី២ ត្រូវការចំណីមានប្រូតេអ៊ីន៣៥ភាគរយ និងខែទី៣ត្រូវការ៣០ភាគរយ ដែលនេះគឺមានសារៈសំខាន់បំផុត សម្រាប់ការលូតលាស់ធំធាត់របស់ត្រី។ ប្រសិនបើបងប្អូន មិនមានថវិកាគ្រប់គ្រាន់ ក្នុងការទិញចំណីនៅតាមទីផ្សារ លោកអ្នកអាចទិញឈាមគោ ឬឈាមមាន់ មកស្ងោរបង្កក់ រួចហាន់ល្អិតៗ បាចឲ្យត្រីស៊ីក៏បាន ព្រោះវាជាប្រភេទចំណី ដែលមានប្រូតេអ៊ីនខ្ពស់។

  លោក ​បានបញ្ជាក់ថា តម្លៃត្រីអណ្តែងបច្ចុប្បន្ន សម្រាប់ការបោះដុំ មានប្រមាណ៥៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈការលក់រាយ នៅតាមទីផ្សារ មានតម្លៃប្រមាណ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម៕