ថៃ បង្ក្រាបឡេលាយ ឈ្មោះ "កម្ពុជា គម្របពណ៌ក្រហម" ដែលធ្វើឱ្យសត្រឹមតែ៧ថ្ងៃ

ថៃ៖ អាជ្ញាធរថៃ បានរឹបអូសឡេធ្វើឱ្យស្បែកស ដែលស្មើនឹង ៥សែនបាត ពីសិប្បកម្មក្នុងខេត្តចំនួន៤ផ្សេងៗគ្នា ក្នុងប្រតិបត្តិការចុះបង្ក្រាបផលិតផលឡេដែលមិនមានចុះបញ្ជិកាត្រឹមត្រូវជាមួយក្រសួងថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី០៤ ខែកុម្ភៈ។
សមត្ថកិច្ចថៃ នៃរដ្ឋបាលចំណីអាហារ និងឱសថ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា សិប្បកម្មចំនួន០៤ មានទីតាំងនៅខេត្ត Chachoengsao, ស្រះកែវ, ឈុនបូរី និងខេត្ត អយុធ្យា។ សមត្ថកិច្ច បានរកឃើញនូវការផ្សព្វផ្សាយលើបណ្ដាញសង្គមដែលសរសេរថា៖ "ឡេរបស់កម្ពុជា មានគម្របពណ៌ក្រហម" អាចធ្វើឱ្យស្បែកសត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ទោះបីជាស្បែកខ្មៅយ៉ាងណាក៏ដោយ។ ហើយសមត្ថកិច្ចបន្តថា មនុស្សជាច្រើន បានចាប់អារម្មណ៍នូវផលិតផលនេះ។ ឡេនេះ មានតម្លៃ ១២០បាតក្នុង១ក្លង។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផ្សេងៗគ្នានោះ សមត្ថកិច្ចថៃ បានរឹបអូសឡេមិនមានចុះបញ្ជិកា ចំនួន ១៩៨៩ ក្លង, កញ្ចប់ឡេលាយរួច ៥២៣ កញ្ចប់ និងវីតាមីន C ៣០ទីប វត្ថុធាតុដើម ៨០គីឡូក្រាម និងឧបករណ៍លាយឡេមួយចំនួនទៀត។
ម្ចាស់សិប្បកម្មត្រូវបានឃាត់ខ្លួន នឹងប្រឈមមុខចំពោះច្បាប់ ទាក់ទងនឹងការលាយឡេដោយប្រើប្រាស់សារធាតុហាមឃាត់ ដែលអាចបណ្ដាលឱ្យស្ដើង ប្រេះ និងស្ងួតស្បែកខ្លាំង។ ម្ចាស់សិប្បកម្មអះអាងថា ពួកគេបានលាយសារធាតុ៣យ៉ាង ក្នុងនោះ សារធាតុ២យ៉ាងនាំចូលពីផ្សារ រោងក្លឿ នៅក្នុងខេត្តស្រះកែវ៕
ប្រភព៖ Bangkok Post
