កីឡា

លោក ហុក សុជីវ័ន ត្រូវបានតែងតាំងជានាយកបច្ចេកទេសក្លិបបាល់ទាត់កោះកុងអេហ្វស៊ី

image

កោះកុង៖ លោក ហុក សុជីវ័ន ត្រូវបានតែងតាំងជានាយកបច្ចេកទេសក្លិបបាល់ទាត់កោះកុងអេហ្វស៊ី។ នេះបើតាមការបង្ហោះលើទំព័រ Facebook របស់ក្លិបមានមូលដ្ឋាននៅខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូនេះ។

គ្រូបង្វឹកកាន់ A-License ខាងលើបានទំនេរពីការប្រកួតនានាក្រោយចាកចេញពីវិសាខានៅជុំទីពីរ រដូវកាល២០១៩នៃក្របខណ្ឌកំពូលកម្ពុជា។

ក្លិបកោះកុងអេហ្វស៊ី បច្ចុប្បន្នកំពុងចូលរួមប្រកួតបាល់ទាត់ក្របខណ្ឌទីពីរ ឬ Cambodian Second League ដើម្បីប្រជែងកៅអីក្របខណ្ឌកំពូល ក្រោមការដឹកនាំដោយគ្រូបង្គោលជនជាតិថៃ Apisit Im Amphai ដែលធ្លាប់ឈ្នះជើងឯក MCL នៅភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលបឹងកេត នៅដើមរដូវកាល២០២០។

ក្រៅពីមានក្រុមធំ ក្រុមឯនាយសមុទ្រដដែលក៏ដំណើរការក្រុមយុវជនអាយុក្រោម១៨ឆ្នាំ និង១៤ឆ្នាំទៀតផង។

គួរដឹងដែរថា លោក ហុក សុជីវ័ន ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាពីចន្លោះចុងទសវត្សរ៍៩០ និង២០០០ ហើយលេងឱ្យក្លិបហេឡូយូណាយធីត និងភ្នំពេញក្រោន។

សម្រាប់អាជីពជាគ្រូបង្វឹកវិញ ប្អូនប្រុសបង្កើតអតីតតារាបាល់ទាត់ ហុក សុចិត្រា ធ្លាប់ធ្វើកាន់តំណែងនៅ Albirex Niigata Phnom Penh, ខេមបូឌានថាយហ្គឺរ និងនាំ វិសាខាឡើងទៅកាន់ក្របខណ្ឌកំពូល ២០១៨ ក្នុងនាមជាក្រុមជើងឯក Cambodian Second League 2017៕