ក្រុមអាវលឿង ស្នើមិនឱ្យមានការកែរដ្ឋធម្មនុញ្ញា នៅក្នុងប្រទេសថៃឡើយ

បាងកក៖ ក្រុមអាវលឿង ដែលគាំទ្ររបបរាជានិយម បានធ្វើការតវ៉ានៅខាងមុខរដ្ឋសភា នៃប្រទេសថៃ នាទីក្រុងបាងកក នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីស្នើឱ្យរដ្ឋសភាថៃ ច្រានចោលនូវសំណើកែរដ្ឋធម្មនុញ្ញ ដែលក្រុមអ្នកតវ៉ាប្រឆាំងរាជរដ្ឋាភិបាលថៃ បានធ្វើការទាមទារជាច្រើនខែកន្លងមកនេះ។
បាតុកម្មរបស់ក្រុមអ្នកតវ៉ាម្ខាងទៀត បានទាមទារឱ្យកែរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចរបស់រាជានិយមនៅក្នុងប្រទេសថៃ និងឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។
ទាក់ទងនឹងការកែរដ្ឋធម្មនុញ្ញនេះ ក្រុមអ្នកតវ៉ាអាវលឿង នៅមុខរដ្ឋសភាថៃ នៅថ្ងៃអង្គារនេះ បាននិយាយថា វាគឺជាការឈានទៅរកការលុបបំបាត់នូវរបបរាជានិយមទាំងស្រុង។
សភាថៃ នឹងពិភាក្សាលើសំណើផ្សេងៗ ដើម្បីកែរដ្ឋធម្មនុញ្ញ ដែលមានការចែងកំណត់ពីអំណាចរបស់ព្រះមហាក្សត្រ។ ជាមួយគ្នានេះ សភាថៃ ក៏ពិភាក្សាលើតួនាទីរបស់ព្រឹទ្ធសភា ដែលត្រូវបានតែងតាំងដោយរបបសឹករបស់លោក ប្រាយុទ្ធ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ
