តំណមខ្លះៗ ហាមមិនឱ្យធ្វើនៅថ្ងៃបុណ្យសែនក្បាលទឹក
ភ្នំពេញ៖ សម្រាប់កូនខ្មែរកាត់ចិននៅកម្ពុជា បានកំពុងរៀបចំសែនក្បាលទឹក ឬ ភ្ជុំចិនដែលជាជំនឿថា មានការប្រលែងខ្មោចចេញមករយៈពេល ១៥ ថ្ងៃដូចខ្មែរយើងដែរតែងប្រព្រឹត្តឡើងរៀងរាល់ខែ ០៧ (ខែចិន) រៀងរាល់ឆ្នាំដែលមានម្ហូប ផ្លែឈើ ទឹកតែ ស្រា ស ព្រមជាមួយនឹងក្រដាសសែនដែលមានដូចជាសម្លៀកបំពាក់ មាស ប្រាក់ ឡាន ផ្ទះ វីសា ប៉ាស័្ពរ ជាដើមទៅតាមគ្រួសារនីមួយៗ អាចធ្វើបានតាមលទ្ធភាព។
យ៉ាងណាមិញ បុណ្យសែនក្បាលទឹកនេះ ក៏មានតំណមមួយចំនួនដែរ ដូចជា ហាមមិនឱ្យធ្វើដំណើរផ្លូវឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកអាជីវកម្មដាច់ខាត ព្រោះតាមជំនឿបានបញ្ជាក់ថា វាអាចនាំឱ្យមានរឿងមិនល្អកើតឡើងសម្រាប់អាជីវកម្ម ឬ បញ្ហាក្នុងគ្រួសារ។
សម្រាប់គ្រួសារខ្លះ មានការសែនតែពេលព្រឹកម្តងប៉ុណ្ណោះ រីឯគ្រួសារខ្លះធ្វើការសែន ២ ដង គឺ ពេលព្រឹក និងពេលល្ងាច ពោលការសែនពេលព្រឹក គឺជាការសែនដល់ជីដូនជីតា ចំណែកឯសែនពេលល្ងាច គឺជាការសែនសម្រាប់ខ្មោចអនាថា ដែលមិនមានសាច់ញាតិឧទ្ទិសម្ហូបអាហារឱ្យ ប្រៀងបីដូចជាភ្ជុំខ្មែរ ដែលប្រជាជនខ្មែរយើងបាននាំគ្នាបោះបាយបិណ្ឌទៅដល់ពពួកប្រេតដែលត្រូវបានដោះលែងមករយៈពេល ១៥ ថ្ងៃអ៊ីចឹង៕
