ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវដល់អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដល់ប្រជាជន ខណៈដែលទឹកកំពុងជន់ខ្លាំង

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី

--------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដល់ប្រជាជន ខណៈដែលទឹកកំពុងជន់ខ្លាំង។ មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជាង ៩៨គ.ម នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា "ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមដើម្បីជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់"។

សូមជម្រាបថា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ថែលបានចេញផ្សាយនៅថ្ងៃទី២៥ សីហានេះ ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់ ១០ម៉ែត្រ ខណៈដែលកំរិតកម្ពស់ប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ ,ទន្លេមេគង្គ-ក្រចេះ មានកម្ពស់២១.៤៥ម៉ែត្រ ខណៈដែលកំរិតកម្ពស់ប្រុងប្រយ័ត្ន ២២ម៉ែត្រ,ទន្លេមេគង្គ-កំពង់ចាម ១៤.០៦ម៉ែត្រ ខណៈដែលកំរិតកម្ពស់ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ។ យ៉ាងណាក៏ដោយតាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា "ស្ថានីយជលសាស្រ្តទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកបន្តបន្ទាប់"៕