ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់៖ យើងតែងតែចង់ធ្វើជាមិត្តជាមួយអ្នកជិតខាង ប៉ុន្តែពួកគេត្រូវបិទមូលដ្ឋានទ័ពអាម៉េរិកឱ្យបានឆាប់បំផុត

image

តេហ៍រ៉ង់៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក ម៉ុចតាបា ខាមីនី (Mojtaba Khamenei) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់តែងតែចង់រាប់អានមិត្តជាមួយប្រទេសជិតខាង ប៉ុន្តែប្រទេសទាំងនោះ ត្រូវតែបិទមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកទាំងអស់នៅក្នុងតំបន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

លោកបន្ថែមថា នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ មូលដ្ឋានទ័ពមួយចំនួនត្រូវគេប្រើប្រាស់ដើម្បីវាយប្រហារអ៊ីរ៉ង់ ហើយយើងក៏បានវាយបកទៅលើតែមូលដ្ឋានទ័ពទាំងនោះវិញប៉ុណ្ណោះ ដោយមិនបានរំលោភបំពានលើប្រទេសម្ចាស់ផ្ទះណាឡើយ។ ចាប់ពីពេលនេះទៅ យើងនឹងបន្តធ្វើបែបនេះទៀត បើទោះជាយើងនៅតែជឿជាក់លើចំណងមិត្តភាពជាមួយអ្នកជិតខាងក៏ដោយ។ លោកកត់សម្គាល់ថា ប្រទេសដែលអនុញ្ញាតឱ្យអាម៉េរិកដាក់មូលដ្ឋានទ័ព ត្រូវតែបង្ហាញជំហរឱ្យច្បាស់ចំពោះអ្នកដែលមកសម្លាប់ប្រជាជនអ៊ីរ៉ង់ ។

ពាក់ព័ន្ធនឹងការវាយប្រហារលើសាលារៀនក្នុងទីប្រជុំជនមីណាប (Minab) លោក ខាមីនី (Khamenei) បានប្ដេជ្ញាសងសឹកជូនចំពោះជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត។ លោកសង្កត់ធ្ងន់ថា រឿងនេះនឹងមិនចប់ត្រឹមនេះទេ ហើយយើងនឹងតាមដោះស្រាយរហូតទទួលបានយុត្តិធម៌ពេញលេញ។ ចំពោះច្រកសមុទ្រហ័រមូស (Hormuz) វិញ លោកអះអាងថា អ៊ីរ៉ង់នឹងបន្តប្រើប្រាស់ឥទ្ធិពលនៃការបិទច្រកទឹកនេះជាឧបករណ៍ការពារខ្លួន ដែលបច្ចុប្បន្នវាបានធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់រួចទៅហើយ ។

គួររំឮកថា លោក ម៉ុចតាបា ខាមីនី (Mojtaba Khamenei) បានឡើងមកដឹកនាំប្រទេសក្នុងស្ថានភាពអាសន្នបំផុត ក្រោយការស្លាប់ឪពុករបស់លោកនៅក្នុងសមរភូមិ។ នៅពេលនេះ លោកនៅតែបង្ហាញជំហររឹងមាំក្នុងការដឹកនាំអ៊ីរ៉ង់ឱ្យបន្តសង្គ្រាមប្រឆាំងនឹងអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលលោកចាត់ទុកថាជាអ្នកបំផ្លាញសុខសន្តិភាពប្រជាជនអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Source from VIORY/ (AP Photo/Giannis Angelakis)/ Te New Arab