ព័ត៌មានជាតិ

ថ្ងៃនេះ! សភាពាណិជ្ជកម្មកម្ពុជា នាំយកអំណោយរបស់សប្បុរជន មកប្រគល់ជូនសមាគមសិល្បករខ្មែរ ដើម្បីយកចែកជូនពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ នៅខេត្តសៀមរាប

image


ភ្នំពេញ៖ នៅថ្ងៃទី ១១ខែមករា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា បាននាំយកអំណោយសប្បុរសធម៌របស់មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដែលមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ មកប្រគល់ជូនសមាគមសិល្បករខ្មែរ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ២ពាន់គ្រួសារ ដោយផ្ទាល់ នៅខេត្តសៀមរាប។
ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅសមាគមសិល្បករខ្មែរ ក្រោមអធិបតីអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា និងសិល្បករខ្មែរជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រើប្រាស់ចំាបាច់ផ្សេងៗ ជាមួយមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា សិល្បករខ្មែរ និងសាធារណជន ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការជួយវេចខ្ចប់ និងលើកដាក់គ្រឿងឧប ភោគបរិភោគ និងសម្ភារៈផ្សេងៗ សម្រាប់យកចែកជូនប្រជាពលរដ្ឋជនភៀសសឹក និងគ្រួសារវីរកងទ័ព។
អ្នកឧកញ៉ា បានចាត់ទុកថា កាយវិកាដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយស្មារតីស្នេហាជាតិ ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីភាព ជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលបាន និងកំពុងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ក៏ដូចជា ការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ប្រជាជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចវិលទៅកាន់គេហដ្ឋានរបស់ខ្លួនវិញបាន បើទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃ នាពេលនេះ មានភាពស្ងប់ស្ងាត់ ចាប់តាំងពីភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់មកក៏ដោយ។
បើតាមលោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ និងជាជំនួយការផ្ទាល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា បានមកជួយសមាគមសិល្បករខ្មែរ រៀបចំលើកដាក់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលជាអំណោយសប្បុរសធម៌របស់មហាគ្រួ សារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន បានបរិច្ចាគជូនមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីត្រៀមយកចែកជូនភៀសសឹកនៅខេត្តសៀមរាប។
សូមរំលឹកថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចបង្កើតមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយចំបាច់ផ្សេងៗ ពីសប្បុរសជន ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាពនានា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, ប៉ក់ សុឃីម, អ៊ុន ផាន់ណាត