ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកាទាំងថវិកាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះកម្ពុជាថៃ ឲ្យបានឆាប់រហ័សបំផុត

image



----------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសារសាធារណៈ ដែលបានរងការខូចខាត ដែលមានជាអាទិ៍ សាលារៀន មណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចបាន និងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញសម្ព័ន្ធទាំងនេះឲ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្ដែង"។ នេះជាការថ្លែងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី បានក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក និងធនាគារអភិវឌ្ឍន៍អាស៊ីADB បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានផ្ដល់ជំនួយជាសម្ភារៈ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសសឹក ជាពិសេសការស្ដារជីវភាពរស់នៅរបស់បងប្អូន នៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្ដារហេដ្ឋាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព "។
សម្តេចបវរធិបតីសង្ឃឹមថា បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀតនឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជាឆ្ពោះទៅកាន់ប្រក្រតីភាពឡើងវិញ ជាពិសេសក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន ។ សម្តេចក៏សូមសម្ដែង នូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចលនាមហាជនដ៏ផុសផុលនៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយចិត្ត ក៏ដូចជាការផ្តល់ថវិការ គ្រឿងឧបភោគបរិភោគសម្ភារៈចាំបាច់នានាជូនកងទ័ពវីរៈកងទ័ព វីរៈនគរបាល និងបងប្អូនជនភៀសសឹកកន្លងមក ជាពិសេសស្មារតីស្នេហាជាតិមាតុភូមិ និងការរួបរួមសាមគ្គីជាកម្លាំងចិត្តមួយដ៏រឹងមាំ ពេលនេះជាពេលដែលកម្ពុជាយើង ត្រូវតែបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិរបស់យើងជាធ្លុងមួយឲ្យកាន់តែរឹងមាំ ជាងពេលណាណាទាំងអស់៕

អត្ថបទ៖ ហ៊ន សុភ័ក្រ