ជប៉ុន ទាមទារឱ្យចិនដកការរឹតត្បិតលើការនាំចេញរ៉ែកម្រ ដែលកំណត់គោលដៅតែលើប្រទេសជប៉ុន
ជប៉ុន៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោកមីណូរុ គីហារ៉ា (Minoru Kihara) បានសម្ដែងការរិះគន់ចំពោះការសម្រេចចិត្តរបស់ចិន ជុំវិញការរឹតត្បិតការនាំចេញប្រភេទទំនិញដែលអាចប្រើប្រាស់បានទាំងផ្នែកយោធា និងស៊ីវិល។ លោកបានចោទប្រកាន់ថា រដ្ឋធានីប៉េកាំងកំពុងព្យាយាមគ្រប់គ្រងទីផ្សារ «រ៉ែកម្រ» នៅលើពិភពលោក ។
លោកបានថ្លែងជាបន្តទៀតថា «ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន បានតវ៉ាយ៉ាងខ្លាំងទៅកាន់ភាគីចិន និងបានទាមទារឱ្យពួកគេដកវិធានការនេះចេញវិញ»។ លោកគីហារ៉ា (Kihara) បានបន្ថែមថា «វិធានការថ្មីៗនេះ ធ្វើឡើងចំពោះតែប្រទេសជប៉ុនតែមួយប៉ុណ្ណោះ ដោយខុសប្លែកខ្លាំងពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលរឿងនេះ ជប៉ុនមិនអាចទទួលយកបានឡើយ និងជារឿងដែលគួរឱ្យសោកស្ដាយបំផុត» ។
មន្ត្រីជប៉ុនដដែលនេះ បានបញ្ជាក់ជាចុងក្រោយថា ដោយសារតែវិធានការរបស់ចិននេះ នៅមានចំណុចមិនច្បាស់លាស់ច្រើន ជប៉ុនមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ដល់វិស័យឧស្សាហកម្មជប៉ុននៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងតាមដាន វិភាគ និងត្រៀមវិធានការចាំបាច់នានា ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី៦ ខែមករា អាជ្ញាធរចិន បានធ្វើការរឹតបន្តឹងចំពោះការនាំចេញមកកាន់ប្រទេសជប៉ុនលើប្រទេសទំនិញដែលអាចប្រើប្រាស់បានទាំងផ្នែកចម្បាំង និងស៊ីវិល ដោយចិន អះអាងថា ខ្លួនធ្វើឡើងមកនេះ គឺដើម្បី «សន្តិសុខជាតិ» ។
ពីមុនមក ចិនបានដាក់ «រ៉ែកម្រ» ចូលក្នុងបញ្ជីរឹតត្បិតនាំចេញ។ រ៉ែទាំងនេះ គឺជាគ្រឿងផ្សំសំខាន់បំផុតសម្រាប់ផលិតបច្ចេកវិទ្យាថាមពលបៃតង និងម៉ូទ័ររថយន្ត Hybrid (ឡានប្រើសាំងផង អគ្គិសនីផង) ដែលអាចនឹងប៉ះពាល់ដល់វិស័យផលិតឡានដ៏ធំរបស់ជប៉ុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Dado Ruvic/Illustration via REUTERS