នាវាពេទ្យចិន ធ្វើនាវាចរណ៍ទៅកាន់ទីក្រុងរីអូ ប្រទេសប្រេស៊ីល ដើម្បីផ្ដល់ការពិនិត្យព្យាបាលដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅទីនោះ
ចិន-ប្រេស៊ីល៖ នាវាវេជ្ជសាស្ត្ររបស់ចិនដែលមានឈ្មោះថា នាវាផ្លូវសូត្រ (Silk Road Ark) បានធ្វើដំណើរមកដល់កំពង់ផែក្នុងទីក្រុងរីអូ (Rio) នៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍។ ការមកដល់នេះគឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ឆ្នាំ ២០២៥ ដែលកងទ័ពជើងទឹកចិនបញ្ជូននាវាពេទ្យទៅតាមប្រទេសនានា ដើម្បីផ្ដល់ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។ មានក្រុមមនុស្សជាច្រើនបានមកទទួលស្វាគមន៍នាវានេះយ៉ាងកក់ក្ដៅ ដោយមានទាំងការកាន់ទង់ជាតិចិន និងការសម្ដែងរបាំតោ និងនាគ (លោតម៉ុងសាយ) ជាដើម ។
នាវានេះ នឹងចតនៅក្នុងប្រទេសប្រេស៊ីលរហូតដល់ថ្ងៃទី១៥ ខែមករា។ វាជារឿងកម្រមួយដែលនាវាចម្បាំងចិនមកចតនៅទីនេះ ព្រោះវាមានរយៈពេល ១០ ឆ្នាំមកហើយតាំងពីការចូលចតលើកចុងក្រោយ។ គេយល់ថា ដំណើរទស្សនកិច្ចនេះ គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ហើយក្នុងអំឡុងនាវាស្ថិតនៅទីនោះ គេក៏មានរៀបចំកម្មវិធីអបអរសាទរជាច្រើន ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរបានយល់ដឹងពីគ្នាទៅវិញទៅមក ។
នាវាវេជ្ជសាស្ត្រនេះ មានបំពាក់ដោយឧបករណ៍ពេទ្យគ្រប់គ្រាន់ដូចជាមន្ទីរពេទ្យនៅលើដីគោកដែរ ដោយមានផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជាច្រើនដូចជា ការពិគ្រោះជំងឺទូទៅ ការវះកាត់ និងការធ្វើធ្មេញជាដើម។ ក្រៅពីការព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យចិនក៏នឹងជួបជុំជាមួយគ្រូពេទ្យក្នុងស្រុករបស់ប្រេស៊ីល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្នែកវេជ្ជសាស្ត្រជាមួយគ្នាទៅវិញទៅមកផងដែរ ។
តំណាងស្ថាប័នក្នុងស្រុកជឿជាក់ថា វត្តមានរបស់នាវានេះ នឹងជួយពង្រឹងមិត្តភាពរវាងចិន និងប្រេស៊ីលឱ្យកាន់តែរឹងមាំ។ វាផ្ដល់ឱកាសឱ្យប្រជាជនប្រេស៊ីលបានស្គាល់ពីវប្បធម៌ និងចំណេះដឹងរបស់ចិនកាន់តែច្រើន។ បច្ចុប្បន្ន ចិនកំពុងព្យាយាមបង្កើនទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាម៉េរិកឡាទីន តាមរយៈការផ្ដល់ជំនួយសំខាន់ៗ ជាពិសេសគឺវិស័យសុខាភិបាលនេះតែម្ដង ។
ការមកដល់នៃនាវាពេទ្យចិននៅទីក្រុងរីអូនេះ កើតឡើងចំពេលដែលមានភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួននៅក្នុងតំបន់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រជាជនក្នុងស្រុក អ្វីដែលសំខាន់គឺការទទួលបានការជួយសង្គ្រោះ និងព្យាបាលជំងឺដោយមិនគិតថ្លៃ ខណៈនាវានេះនឹងបន្តបេសកកម្មព្យាបាលមនុស្សគ្រប់គ្នាដែលត្រូវការជំនួយ រហូតដល់ថ្ងៃចាកចេញមកកាន់ប្រទេសចិនវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Divulgação/ VIORY/ Freepik