មនុស្ស ១៣នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន Ein al-Hilweh នៅភាគខាងត្បូងប្រទេសលីបង់
លីបង់៖ តាមរយៈសេចក្ដីរាយការណ៍ជាសាធារណៈកាលពីថ្ងៃពុធ ឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារទៅលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន អ៊ីន អាល់-ហ៊ីលវេហ៍ (Ein al-Hilweh) នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ នៅក្នុងជំរំដែលជាទីជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ៦៤,០០០នាក់ ។
នៅក្នុងខ្សែវីដេអូពីទីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញពីយានយន្តដែលរងនូវការបំផ្លាញ និងក្រុមសង្គ្រោះ កំពុងស្វែងរកជនរងគ្រោះ ក្នុងចំណោមការខូចខាតផ្សេងទៀត ។
ទន្ទឹមនឹងនោះ អ៊ីស្រាអ៊ែលនិយាយថា ការវាយប្រហារនេះ បានកំណត់គោលដៅលើសមាជិកក្រុមហាម៉ាស់ ដែលបានប្រើប្រាស់ជំរំនេះដើម្បីរៀបចំផែនការវាយប្រហារ។ កងទ័ពអ៊ីស្រាអ៊ែល អះអាងទៀតថា ខ្លួនបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ និងឃ្លាំមើលត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ។
ដោយឡែក ក្រុមហាម៉ាស់ បានហៅការវាយប្រហារផ្លូវអាកាសខាងលើនេះ ថាជាសកម្មភាពវាយប្រហារដ៏ឃោរឃៅ និងបដិសេធចំពោះការចោទប្រកាន់របស់អ៊ីស្រាអ៊ែល ដោយនិយាយថា គ្មានទីតាំងរបស់កងកម្លាំងខ្លួនណាមួយស្ថិតនៅក្នុងជំរំនោះទេ ហើយជនរងគ្រោះភាគច្រើនសុទ្ធតែជាកុមារ និងក្មេងជំទង់ ។
គួររម្លឹកថា អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារផ្លូវអាកាសជាច្រើនលើកនៅក្នុងប្រទេសលីបង់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡាហ៍ (Hezbollah) បានចូលជាធរមានកាលពីចុងឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ REUTERS/ AP