ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ចាប់ខ្លួនជនបរទេសជិត ៣៥០នាក់ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកថ្មីៗចុងក្រោយ

image


មីយ៉ាន់ម៉ា៖ កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា (ភូមា) បានធ្វើការវាយឆ្មក់មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតមួយផ្សេងទៀតនៅក្បែរព្រំដែនថៃ ដោយបានចាប់ខ្លួនពលករបរទេសជិត ៣៥០ នាក់ ។

តាមរយៈខ្សែវីដេអូ បានបង្ហាញពីការបំផ្ទុះទីតាំងអគារខ្លះក្នុងតំបន់ស្វេកូកូ (Shwe Kokko) មុនពេលសមត្ថកិច្ចចាប់ផ្ដើមធ្វើប្រតិបត្តិការបង្ក្រាបក្រុមឆបោក។ ក្នុងរបាយការណ៍កាលពីថ្ងៃពុធ បានបង្ហាញថា ជនបរទេស ៣៤៦នាក់ត្រូវអាជ្ញាធរចាប់ឃាត់ខ្លួន ហើយរឹបអូសទូរសព្ទ និងឧបករណ៍ផ្សេងទៀតជិត ១ម៉ឺនគ្រឿង ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលឆបោក ។

ការបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធពីប្រទេសចិន ដែលចង់ឱ្យមានសកម្មភាពបង្ក្រាបការឆបោកនេះ ព្រោះតែពលរដ្ឋរបស់ខ្លួនជាច្រើននាក់មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់ខាងលើ។ មជ្ឈមណ្ឌលឆបោកនេះ ផ្សារភ្ជាប់ទៅនឹងលោក ស៊ី ជីជាំង (She Zhijiang) ដែលជាជនសង្ស័យមេក្លោងឧក្រិដ្ឋជនម្នាក់ដែលត្រូវអាជ្ញាធរមីយ៉ាន់ម៉ាចាប់បញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ កាលពីសប្តាហ៍មុន ។

អាជ្ញាធរមីយ៉ាន់ម៉ា ក៏បានលើកឡើងដែរថា អគារជាង ១០០ខ្នង នៅទីតាំងបោកប្រាស់មួយទៀតឈ្មោះ KK Park ត្រូវបានកម្ទេចចោលទាំងស្រុង នាពេលថ្មីៗនេះ ។

បណ្តុំអគារបោកប្រាស់ទាំងនេះដំណើរការដោយក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ពលករបរទេស រួមទាំងមនុស្សជាច្រើនដែលអះអាងថា ពួកត្រូវបានជួញដូរ និងបង្ខំឱ្យប្រព្រឹត្តបទល្មើសបោកប្រាស់តាមអ៊ីនធឺណិត ដែលកំណត់គោលដៅលើជនរងគ្រោះនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ា និយាយថា អាជ្ញាធរបានឃុំខ្លួនជនបរទេសជាង ១ម៉ឺននាក់ក្នុងរយៈពេល ៩ខែចុងក្រោយនេះ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ទាំងនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ The Myanmar Military True News Information Team via AP/ VIORY