ចិន បដិសេធការចោទប្រកាន់របស់អង់គ្លេសថាខ្លួនមានចារកម្មនៅលើបណ្ដាញសង្គមការងារ LinkedIn ដែលកំណត់គោលដៅលើសមាជិកសភាអង់គ្លេស
ចិន៖ ប្រទេសចិន បានច្រានចោលការចោទប្រកាន់របស់ចក្រភពអង់គ្លេស ដែលថាមានចារកម្មចិននៅលើបណ្តាញសង្គមការងារលីងអ៊ីន (LinkedIn) កំពុងកំណត់គោលដៅលើអ្នកតាក់តែងច្បាប់ ឬសមាជិកសភាអង់គ្លេស ។
អំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានហៅការអះអាងទាំងនោះថា «គ្មានមូលដ្ឋាន» ដោយលើកឡើងបន្ថែមថា ចិនមិនមានចំណាប់អារម្មណ៍ក្នុងការប្រមូលព័ត៌មានសម្ងាត់ពីសភានៃចក្រភពអង់គ្លេសនោះទេ ។
កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ចក្រភពអង់គ្លេស បានចេញការព្រមានទៅកាន់សមាជិកសភារបស់ខ្លួន បន្ទាប់ពីភ្នាក់ងារ MI5 ដែលជាទីភ្នាក់ងារសន្តិសុខ និងស៊ើបការណ៍សម្ងាត់ជាតិរបស់ចក្រភពអង់គ្លេស រកឃើញថា មានគណនី LinkedIn មិនធម្មតាចំនួនពីរដែលសង្ស័យថាត្រូវបានគ្រប់គ្រងដោយស្ថាប័នចារកម្មរបស់ប្រទេសចិន ។
ក្រៅពីការបដិសេធចំពោះការចោទប្រកាន់របស់អង់គ្លេស លោកស្រី ម៉ៅ ក៏បានរិះគន់សហរដ្ឋអាម៉េរិកចំពោះបេសកកម្មថ្មីមួយឈ្មោះ “Southern Spear” (លំពែងភាគខាងត្បូង) ដោយលោកស្រីម៉ៅ និយាយថា វាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសក្នុងតំបន់អាម៉េរិកឡាទីន។ លោកស្រីបានរម្លឹកទីក្រុងវ៉ាស៊ីនតោនថា អាម៉េរិកឡាទីនត្រូវបានប្រកាសជា «តំបន់សន្តិភាព» ហើយជំរុញឱ្យសហរដ្ឋអាម៉េរិក ចៀសវាងសកម្មភាពដែលបង្កើតភាពតានតឹង ជាពិសេសខណៈសហរដ្ឋអាម៉េរិក បានបង្កើនកងកម្លាំងយោធានៅក្នុងតំបន់ និងបន្តប្រតិបត្តិការនៅក្នុងទីកន្លែងមួយចំនួន ដូចជានៅប្រទេសវ៉េណេហ្ស៊ូអ៊ីឡាជាដើម ។
ជាងនេះទៀត ចិនក៏បានលើកឡើងដែរថា ជប៉ុនមិនស័ក្តិសមសម្រាប់កៅអីអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ដោយលើកឡើងពីប្រវត្តិសង្គ្រាមរបស់ប្រទេសនេះ។ ការអធិប្បាយនេះ ធ្វើឡើងនៅពេលភាពតានតឹងរវាងចិន និងជប៉ុនបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន និយាយថា កងទ័ពជប៉ុនអាចចាត់វិធានការណាមួយ ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។ ទោះជាបែបណាក្ដី ប្រទេសចិនបានទាមទារឱ្យជប៉ុនដកពាក្យសម្ដីនោះចេញវិញ និងគោរពដល់គោលការណ៍ និងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-ជប៉ុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ LinkedIn/ Henry Nicholls/AFP via Getty Images