ពិព័រណ៍អាកាសចរណ៍ឌូបៃឆ្នាំ ២០២៥ តាំងបង្ហាញឧបករណ៍ការពារជាតិបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ
អារ៉ាប់រួម៖ ក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងអភិវឌ្ឍន៍គ្រឿងយុទ្ធោបករណ៍និងសម្ភារៈយោធារបស់អារ៉ាប់រួម (UAE) ឈ្មោះ EDGE បានដាក់តាំងបង្ហាញនូវផលិតផលយោធាថ្មីៗចំនួន ៤២ ប្រភេទនៅក្នុងពិព័រណ៍អាកាសចរណ៍ឌូបៃឆ្នាំ ២០២៥ ។
តាមរយៈទិដ្ឋភាពក្នុងខ្សែវីដេអូ បានបង្ហាញពីការតាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើក និងមីស៊ីលឆ្លាតវៃជាច្រើន។ យន្តហោះ ជើណាស់-អេស (JERNAS-S) ជាផលិតផលដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល និងបេសកកម្មវាយប្រហារ ដោយមានទម្ងន់ពេលហោះឡើងប្រហែល ៦៣០ គីឡូក្រាម និងមានសមត្ថភាពផ្ទុកអាវុធ និងកាមេរ៉ារហូតដល់ ៥៦ គីឡូក្រាម ។
នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន EDGE ក៏បានដាក់តាំងបង្ហាញនូវមីស៊ីលឆ្លាតវៃ ដាកវីង (DARK WING) ផងដែរដែលអាចដើរតួជាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ហើយអាចបាញ់ប្រហារគោលដៅដោយផ្អែកលើទីតាំងកូអរដោណេ និងប្រភពរលកវិទ្យុ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Emirates (Emirates News Agency) បានឱ្យដឹងថា នេះគឺជាការដាក់បង្ហាញផលិតផលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រពិព័រណ៍អាកាសចរណ៍នេះ រួមទាំងប្រព័ន្ធដំណើរការដោយស្វ័យប្រវត្ត អាវុធឆ្លាតវៃ បច្ចេកវិទ្យាលំហ (ដូចជា ផ្កាយរណប និងរ៉ុក្កែត) ប្រព័ន្ធរ៉ាដា និងឧបករណ៍ទំនាក់ទំនងដែលបង្ការសុវត្ថិភាពចេញពីការលួចទិន្នន័យជាដើម ។
ពិព័រណ៍អាកាសចរណ៍ឌូបៃលើកទី១៩ បានប្រព្រឹត្តទៅតាំងពីដើមសប្ដាហ៍ រហូតដល់ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមពាក្យស្លោក «អនាគតចាប់ផ្ដើមនៅទីនេះ» ដោយបានទាក់ទាញអ្នកចូលរួមប្រហែល ១៤៨,០០០នាក់ និងគណៈប្រតិភូ ៤៩០នាក់មកពី ១១៥ប្រទេស។ ក្នុងព្រឹត្តិការណ៍ខាងលើ មានយន្តហោះជាង ២០០ គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ដែលគ្របដណ្តប់ទាំងប្រភេទយន្តហោះពាណិជ្ជកម្ម, យន្តហោះយោធា, យន្តហោះអាជីវកម្ម និងយន្តហោះគ្មានមនុស្សបើក រួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាច្រើនផ្សេងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Aerospace Global News/ EDGE