អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យត្រួតពិនិត្យ និងចាត់វិធានការសំណង់មិនរៀបរយ ដែលបង្កឱ្យប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានណែនាំទៅដល់មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវតាមដានត្រួតពិនិត្យ និងចាត់វិធានការបន្ទាន់ចំពោះការសាងសង់សំណង់មិនរៀបរយ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ។ ការណែនាំដូច្នេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកទាំង៩ និងផែនការរៀបចំដែនដីខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ដែលសាងសង់ ដោយគ្មានការអនុញ្ញាត ឬដោយគ្មានច្បាប់ពីមន្ទីរជំនាញនោះឡើយ។ ការសាងសង់ដោយមិនមានការត្រួតពិនិត្យ គ្មានច្បាប់អនុញាត គឺជាអំពើខុសច្បាប់ ដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិ គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្ដាប់ធ្នាប់សាធារណៈ សោភណភាព ការរស់នៅប្រកបដោយចីរភាព និងអាចបង្កឱ្យមានវិវាទ។
ក្នុងន័យនេះ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យមានការតាមដានត្រួតពិនិត្យចាត់ វិធានការទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តអំពើល្មើសលើការសាងសង់នេះ។
ក្នុងនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានរំឭកបន្ថែមទៅដល់មន្ត្រីជំនាញដែលអនុវត្តគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុក និងផែនការរៀបចំដែនដីខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការឱ្យបានផុលផុសក្នុងការផ្តល់ទិន្នន័យដើម្បីឱ្យដំណើរការនៃគម្រោងនេះទទួលបានជោគជ័យនិងសម្រេចបានតាមផែនការ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺមានក្រុងស្រុកចំនួនបីដែលបាននិងកំពុងដំណើរការលើការកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកនេះ ក្នុងនោះ ក្រុងច្បារមន បាននិងកំពុងដំណើរការដល់ជំហានទី៤ ការរៀបចំសេចក្តី ព្រាងប្លង់គោលប្រើប្រាស់ដី និងពង្រាងផែនទីចក្ខុវិស័យ។
ក្រុងឧដុង្គម៉ែជ័យ បាននិងកំពុងដំណើរការដល់ជំហានទី២គឺ ការចុះប្រមូល ទិន្នន័យ និងពត៌មាន។ ស្រុកសាមគ្គីមុនីជ័យ បាននិងកំពុងដំណើរការដល់ជំនហានទី៣ គឺការវិភាគ ទិន្នន័យ និងការរៀបចំសេចក្តីព្រាងចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕
អត្ថបទ៖ ប៊ុត សារុន