អេស្ប៉ាញ ផ្ដល់ថវិកាប្រហែល ៨១៧លាន់អឺរ៉ូដើម្បីគាំទ្រអ៊ុយក្រែនការពារខ្លួន ការពារជនស៊ីវិល និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ
អេស្ប៉ាញ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ចេស (Pedro Sanchez) កាលពីពេលថ្មីៗនេះ បានប្រកាសថា ប្រទេសអេស្ប៉ាញកំពុងផ្តល់ជំនួយក្នុងទំហំប្រហែល ៨១៧លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ។
លោកបាននិយាយថា ថវិកានេះនឹងជួយអ៊ុយក្រែនជាផ្នែកមួយដើម្បីការពារខ្លួន ការពារជនស៊ីវិល និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ។ សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងជំនួបរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) ។
លោកហ្សេលែនស្គី (Zelensky) និយាយថា ប្រទេសអេស្ប៉ាញក៏នឹងវិនិយោគទឹកប្រាក់ជាង ២០០ លានអឺរ៉ូផ្សេងទៀតនៅក្នុងកម្មវិធី SAFE ដែលគាំទ្រការផលិតសម្ភារៈការពារជាតិរួមគ្នារវាងប្រទេសទាំងពីរ។ លោកបានហៅការគាំទ្ររបស់អេស្ប៉ាញថាជាឧទាហរណ៍ដែលប្រទេសអឺរ៉ុបផ្សេងទៀតគួរតែយកគំរូតាម ។
ក្នុងនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការការពារជាតិ ហើយមិនបានលើកឡើងពីក្ដីកង្វល់នៃស្ថានភាពអំពើពុករលួយដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដូចមានក្នុងសេចក្ដីរាយការណ៍ពីសំណាក់សម្ព័ន្ធមិត្តមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនោះទេ ។
ដោយឡែក លោក សាន់ចេស (Sanchez) កំពុងប្រឈមមុខនឹងការរិះគន់ក្នុងស្រុក ចំពោះការមិនបានបំពេញតាមគោលដៅរបស់អង្គការណាតូ (NATO) ក្នុងការចំណាយថវិកា ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ទៅលើវិស័យការពារជាតិ និងចំពោះការមិនបានផ្តល់ជំនួយគ្រោះមហន្តរាយគ្រប់គ្រាន់ បន្ទាប់ពីប្រទេសនេះរងនូវការបំផ្លិចបំផ្លាញដោយព្យុះដាណា (DANA) កាលពីឆ្នាំមុន។ ទោះបីជាកំពុងជួបបញ្ហាទាំងនេះក៏ដោយ ប្រទេសអេស្ប៉ាញនៅតែបន្តបង្ហាញខ្លួនជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Susana Vera/ Violeta Santos Moura via REUTERS