ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ សោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ

image


កំពង់ធំ៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋម្ន្តីក្រសួងមហាផ្ទៃ​ បានលេីកឡេីងថា​ ក្នុងនាមពលរដ្ឋខ្មែរ ១រូប លោកពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំង​ ចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យអ្នកដំណេីរស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។​ លោកសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ លោកសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ បានចាត់ទុកសោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។ លោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងន័យនេះ លោកសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន​ សូមកុំបើកបរហួសល្បឿនកំណត់ ដោយការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ,​ កុំបើកបរក្នុងស្ថានភាពស្រវឹង ដោយគ្រឿងស្រវឹងបណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន,​ ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ព្រោះឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបានពេលមានគ្រោះថ្នាក់,​ កុំវ៉ាជែងដោយប្រថុយប្រថាន ដោយត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់,​ ប្រកាន់ស្តាំជានិច្ច ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។

ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការ​ និងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ ត្រូវយុទ្ធនាការអប់រំ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន,​ ត្រួតពិនិត្យយានយន្ត ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ,​ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។

លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ ណែនាំដល់អ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ ត្រូវរម្លឹកខ្លួនឯងជារឿយៗថា «កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕