ព័ត៌មានជាតិ

ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង​ តែអាជ្ញាធរថាចាំពិភាក្សាជាមួយប្រធានការិល័យអប់រំខណ្ឌ

image


ភ្នំពេញ៖​ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ​ បានស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង តែលោក ពេញ ធារម្យ អភិរងរាជធានីភ្នំពេញបានឱ្យលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យឆ្លើយជូនប្រជាថាចាំពិភាក្សាជាមួយប្រធានការិល័យអប់រំខណ្ឌបន្ថែមទៀត​ថា​ អាចដំឡើងពីអនុទៅវិទ្យាល័យបានដែរឬអត់ នេះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ ព្រោះក្រសួងអប់រំបានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ការដំឡើងជាវិទ្យាល័យត្រូវជជែកគ្នានូវលក្ខខន្តិកៈច្រើន។​

ពាក់ព័ន្ធនឹងការបង្រ្កាបក្រុមក្មេងទំនើង លោកស្រីអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា​ សមត្ថកិច្ចគ្រប់ទាំងអស់ក្នុងខណ្ឌពោធិ៍សែនជ័យបានបង្រ្កាបបានទាំងអស់ តែនៅមានចន្លោះបន្តិចបន្តួច ហើយការបង្រ្កាបនោះគឺបង្រ្កាបរហូត​ ចំណែកក្រុមក្មេងទំនើងនៅចោមចៅសូមឲ្យមេប៉ុស្តិ៍សហការជាមួយមន្រ្តីជំនាញដើម្បីបង្រ្កាបឲ្យខាងតែបាន។​ ការលេីកឡេីងដូចនេះក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានរៀបចំឡើងក្នុងបរិវេណវត្តតាំងកសាងខាងជើង ក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥​ ក្រោមវត្តមាន​ លក​ ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ។

ក្នុងវេទិការសាធារណៈនេះដែរប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យបានលើកឡើងជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន១៧ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការស្នើសុំធ្វើផ្លូវបេតុង​ និងធ្វើប្រព័ន្ធលូ ជាច្រើនខ្សែ ស្នើរបង្រ្កាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ស្នើសុំធ្វើជណ្តើរឡើងរថយន្តក្រុងសាធារណៈសម្រាប់ជនពិការ សុំធុងសំរាមសម្រាប់ដាក់សំរាម​ ព្រោះប្រជាពលរដ្ឋបានទិញធុងសំរាមដាក់ខ្លួនឯង ស្នើសុំជំនួយការសម្រាប់ជនពិការ ស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង និងស្នើសុំជួសជុលសួនច្បារផ្សារសិនជូរីផ្លាហ្សាដែលផ្សារខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត​ និងហាត់ប្រាណ ស្នើសុំកែសម្រួលបង្គោលភ្លើងរបស់អឺដេសេ​ ដែលសង់លើប្រព័ន្ធលូ ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ដីសហគមន៍ ព្រោះដីគាត់មិនទាន់មានបណ្ណកម្មសិទ្ធិ។

លោក ពេញ ធារម្យ អភិរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកានេះមានសារៈសំខាន់ណាស់ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។

ក្នុងនោះលោកអភិបាលរងថា​ រាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

លោកបានលើកឡើងទៀតថា​ ចំណែកប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន ៤៨ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងយកមកដោះស្រាយនៅពេលក្រោយ។ លោកបានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ច​ និងអាជ្ញាធរនៅពេលឃើញមានសកម្មភាពចោរកម្ម ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានវិធានការបង្រ្កាបឲ្យទាន់ពេលវេលា។

ក្នុងឱកាសនោះដែរលោក​ ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប៕