ពិធី “បុណ្យផ្កាយ” ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ជប៉ុន-កម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
ភ្នំពេញ៖ ពិធី “បុណ្យតាណាបាតា ឬបុណ្យផ្កាយ” ដែលជាប្រពៃណីជប៉ុនដ៏ធំមួយ នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលសហការរវាង CJCC និងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។
លោក ឃឹម លាង នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឱ្យដឹងថា ពិធី“បុណ្យផ្កាយ” នឹងបើកឱ្យចូលរួមដោយសេរី ជាពិសេសយុវវ័យ ដោយនៅថ្ងៃបើកកម្មវិធីមានវត្តមានចូលរួមពីតំណាងស្ថានទូតជប៉ុន និងតំណាងរាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្តែងសិល្បៈបែបបុរាណ និងសម័យរបស់ប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានកម្មវិធីជាច្រើនទៀតផងដែរ ដោយរាប់ចាប់ពីសិក្ខាសាលាវប្បធម៌នានា ការសម្តែងសិល្បករជប៉ុន និងកម្ពុជា ដោយអ្នកចូលរួមក៏នឹងទទួលយកនូវបទពិសោធន៍នៃទំនៀមទម្លាប់ប្រពៃណីជប៉ុននៅក្នុងពិធីបុណ្យនេះ ដូចជា ការសរសេរបំណងប្រាថ្នាលើចម្រៀកក្រដាសពណ៌ ហើយចងព្យួរនឹងមែកឫស្សី ឬស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងធ្វើម្ហូបជប៉ុន ជាដើម។
សូមជម្រាបថា ពិធីបុណ្យតាណាបាតា ឬពិធីបុណ្យផ្កាយ ជាកម្មវិធីបុណ្យប្រពៃណីជប៉ុន តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំឭកដល់ដំណើរររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារីតម្បាញ (អូរិហ៊ីមិ) និងបុរសគង្វាលគោ (ហ៊ីកុបុស៊ិ) ដែលតាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះនៅក្នុងថ្ងៃនោះប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួនលើចម្រៀកក្រដាស ហើយចងព្យួរទៅនឹងមែកឫស្សីដើម្បីបួងសួងឱ្យបានសម្រេចតាមអ្វីដែលខ្លួនប៉ងប្រាថ្នា៕