ស្ត្រីម្នាក់ស្លាប់ ក្រោយធ្វើច្រមុះនៅហាងកែសម្ផស្សដំណើរការដោយក្រុមហ៊ុនមន្ទីរពេទ្យថៃឡង់ដ៍ ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ)
វៀតណាម៖ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ថា ស្ត្រីអាយុ ៣៣ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីទទួលយកសេវាកម្មធ្វើច្រមុះ នៅឯហាងកែសម្ផស្សមួយកន្លែង ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ) ។
គ្រួសាររបស់ស្ត្រីរងគ្រោះ បានរៀបរាប់ថា ជនរងគ្រោះឈ្មោះធូ (Thu) បានធ្វើដំណើរពីខេត្តតាយនីញ (Tay Ninh) ពីរនាក់កូនស្រីអាយុ ១៦ ឆ្នាំ ក្នុងទិសដៅទៅកាន់ទីក្រុងហូជីមិញ ដើម្បីឡើងមកកែសម្ផស្ស ប៉ុន្តែជាអកុសល Thu ក៏បានស្លាប់ក្រោយទទួលយកសេវាកម្មចាក់ស៊ីលីកូនបំពេញច្រមុះនិងចង្កេះ នៅឯហាងកែសម្ផស្សមួយកន្លែងដែលដំណើរការដោយក្រុមហ៊ុនមន្ទីរពេទ្យថៃឡង់ដ៍ (Thailand Hospital Company) ស្ថិតនៅផ្លូវប៉ាស្ទ័រ (Pasteur) ទីប្រជុំជនសង្កាត់១ ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ) ប្រទេសវៀតណាម ។
នៅម៉ោង១១ព្រឹកថ្ងៃពុធ Thu បានទទួលយកសេវាកម្មវះកាត់ ក្រោយមកនៅម៉ោង ២ រសៀល ជនរងគ្រោះក៏បានត្អូញត្អែរប្រាប់ទៅកាន់ក្រុមគ្រួសារថា ចេះតែមានអាការៈហត់ខ្លាំងណាស់ ក្រោយមកគេបានបញ្ជូន Thu ទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីអាការៈកាន់តែធ្ងន់ធ្ងរ ជាចុងក្រោយ ស្ត្រីជនរងគ្រោះ បានស្លាប់នៅម៉ោង ១០ យប់ ។
មូលហេតុបឋមនៃការស្លាប់របស់ជនរងគ្រោះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកប្រតិកម្មថ្នាំស្ពឹក ឬថ្នាំសន្លប់ ខណៈក្រុមគ្រួសាររបស់ស្ត្រីជនរងគ្រោះ បានអះអាងថា Thu មានសុខភាពល្អជាធម្មតា មុនពេលទទួលយកសេវាកម្មនេះ ។
ជុំវិញករណីនេះ សមត្ថកិច្ចវៀតណាម ដោយសហការជាមួយក្រុមអ្នកស៊ើបអង្កេតនៃនាយកដ្ឋានសុខាភិបាលក្រុងហូជីមិញ បាននិងកំពុងធ្វើការជាមួយក្រុមគ្រូពេទ្យដែលទទួលខុសត្រូវចំពោះការអនុវត្តនីតិវិធីវះកាត់លើស្រ្តីរងគ្រោះ ។ បន្ថែមពីនេះ នាយកដ្ឋានសុខាភិបាលវៀតណាម បានបញ្ជាក់ថា ទីតាំងដែល Thu បានទៅធ្វើច្រមុះ មានអាជ្ញាប័ណ្ណប្រតិបត្តិការ តាំងពីខែតុលា ឆ្នាំ ២០២៣ មកម្លេះ ប៉ុន្តែនៅពេលបញ្ហានេះកើតឡើង គ្លីនិកដដែលនេះ ត្រូវបានផ្អាកដំណើរការ អំឡុងការស៊ើបអង្កេត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express
រូបភាព៖ VN Express/ The Mirror