Playgame របស់សែលកាត ឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២
ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺ Playgame។ នៅឆ្នាំ២០២២នេះ គម្រោងPlaygame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ស្របពេលជាមួយគ្នានៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញដំបូងគេបង្អស់របស់កម្ពុជា។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តី សោមនស្សរីករាយណាស់ ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាពក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ”។


សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ និងបានបង្កើតកម្មវិធី រួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។ Playgame របស់សែលកាត ជាគំនិតផ្តួចផ្តើមដែលបានដាក់ដំណើរការកាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។

Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និងក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យពីគម្រោង Playgame Unlimited។

វេទិកា Playgame បម្រើតម្រូវការជារួមដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីប្រភេទស៊ីមកាតដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទងនឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេម Playcoins និងការចុះឈ្មោះចូលរួមការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។

ម៉្យាងវិញទៀត គម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free Fire Rules of Survival និង Bullet Angel ដែលមាននៅក្នុងគម្រោងទិន្នន័យឥតដែនកំណត់ 5-in-1។
ការអភិវឌ្ឍបន្ថែមទៀត រួមមានកិច្ចសន្យាផ្តាច់មុខជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលនាំមកនូវការប្រកួតកីឡាអេឡិចត្រូនិកជាបន្តបន្ទាប់ ទាំងការជូបជុំដោយផ្ទាល់ និងតាមរៀបចំតាមប្រព័ន្ធអនឡាញ ថែមទាំងផ្តល់ឱកាសសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុកអាចចូលរួមការប្រកួតជាតំណាងឲ្យប្រទេស និងបានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក។ ភាពជាដៃគូសហការនេះ បានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិករបស់កម្ពុជាទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការប្រកួតដែលរៀបចំជាប្រចាំ និងការប្រកួតរង្វាន់ជើងឯកដែលរៀបចំរួមគ្នាដោយ សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានបន្ថែមថា “សែលកាត ជឿជាក់លើការបង្កើតភាពជាដៃគូសហការដ៏រឹងមាំនេះ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលដែលមានលក្ខណៈពិសេស និងគុណភាពមានកម្រិតខ្ពស់។ យើងមានមោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់នេះក្នុងការបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជាឱ្យកាត់តែប្រសើរឡើង។ នេះក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តបន្តរបស់យើងក្នុងការគាំទ្រដល់វិស័យឌីជីថលរូបនីយកម្មរបស់កម្ពុជា”។
លោក ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក បានអបអរសាទរដល់ក្រុមហ៊ុន សែលកាត ចំពោះសមិទ្ធិផលនេះ និងសម្រាប់ការជួយគាំទ្រដល់ការរីកចម្រើនកីឡាអេឡិចត្រូនិករបស់កម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ពានរង្វាន់នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សែលកាត ដែលជោគជ័យក្នុងការប្រកួតប្រជែង និងបន្តគាំទ្រសហគមន៍ហ្គេមអនឡាញនៅកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ”។

អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិកគឺ លោក Ream Angkor បានចូលរួមអបអរសាទរដល់សែលកាតថា “នេះជាពានរង្វាន់ដ៏ស័ក្តិសម ព្រោះថាសែលកាត បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់កីឡាអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។ អរគុណចំពោះការច្នៃប្រឌិតរបស់សែលកាត ដែលសហគមន៍ហ្គេមអនឡាញរបស់យើងអាចពង្រីកបានយ៉ាងឆាប់រហ័ស និងទទួលបានឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលសែលកាតបានឈ្នះពានរង្វាន់ពីទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ។ សែលកាតបានឈ្នះរង្វាន់បណ្តាញទូរសព្ទចល័តល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២០។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ https://intlbm.com/award-winners-2022/#Asia2022 (https://intlbm.com/award-winners-2022/)៕
ដោយ៖ រដ្ឋ រង្សី





