អាជ្ញាធរខេត្តកំពត ប្រាប់ឱ្យអ្នកគ្រប់គ្រងផ្សារសាមគ្គី ត្រូវស្តារប្រព័ន្ធលូទាំងអស់ក្នុងផ្សារឱ្យបានញឹកញាប់ ដើម្បីបញ្ជៀសការជន់លិចពេលមានភ្លៀង

កំពត៖ បន្ទាប់ពីបានចុះពិនិត្យឃើញផ្ទាល់ពីការលំបាក ក៏ដូចជាមានការសំណូមពរពីអាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពតថា នៅពេលមានភ្លៀងធ្លាក់ម្តងៗមានការជន់លិចពិបាកលក់ដូរ ក៏ដូចជាធ្វើដំណើររបស់អ្នកទិញ ពិសេសផ្សារត្រី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចាត់ក្រុមការងារថ្នាក់ខេត្តចុះត្រួតពិនិត្យ និងរកដំណោះស្រាយជូនអាជីវករភ្លាមៗ។
លោក ចាន់ ថា អភិបាលរងខេត្តកំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធ និងអ្នកគ្រប់គ្រងផ្សារសាមគ្គី នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចុះពិនិត្យមើលប្រព័ន្ធលូក្នុងផ្សារ ដើម្បីពិភាក្សារកដំណោះស្រាយជូនអាជីវករ ធ្វើយ៉ាងណាកុំឱ្យពេលមានភ្លៀងធ្លាក់បន្តការជន់លិច។ ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងាររកឃើញថា ប្រព័ន្ធលូបង្ហូរទឹកក្នុងផ្សារមួយចំនួនបានកកស្ទះដោយដីភក់ដែលបង្ករឱ្យការបង្ហូរទឹកចេញមានការយឺតយ៉ាវ ហើយពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលរង បានប្រាប់ឱ្យអ្នកគ្រប់គ្រងផ្សារត្រូវធ្វើយ៉ាងណាស្តារប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកក្នុងផ្សារនេះឱ្យបានញឹកញាប់បំផុត ដើម្បីជៀសវាងមានដីភក់កកស្ទះបន្តទៀត ដែលជាកត្តាធ្វើឱ្យមានការជន់លិចនៅពេលមានភ្លៀងម្តងៗ។
ជាមួយគ្នានេះ លោក លាង រឿនសុធី អភិបាលក្រុងកំពត បានបញ្ចាក់ដែរថា ដោយសារទីតាំងផ្សារភូមិសាស្ត្រទាបជាងព្រែកកំពង់បាយ ដូច្នេះនៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗទឹកដែលបង្ហូរចេញពីផ្សារសាមគ្គីនេះ មិនអាចហូរទៅកាន់ព្រែកកំពង់បាយបានលឿន ហើយនៅពេលដែលទឹកព្រែកកំពង់បាយមានកម្ពស់ទឹកខ្ពស់នឹងអាចឱ្យទឹកចាល់ហូរមកចូលផ្សារសាមគ្គីវិញ។ ការនេះ អាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារបានរៀបចំប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកបានមួយចំនួនរួចមកហើយ បានធ្វើឱ្យការជន់លិចមិនមានរយៈពេលយូរនោះទេ គឺត្រឹមតែមួយម៉ោងទឹកអាចស្រកចុះជាធម្មតាវិញ។
ពាក់ព័ន្ធនឹងបញ្ហាការជន់លិចដោយសារការស្ទះប្រព័ន្ធលូបង្ហូរទឹកក្នុងផ្សារនេះ អ្នកគ្រប់គ្រងផ្សារបានបញ្ជាក់ដែរថា កត្តាដែលបង្កឱ្យមានការកកស្ទះប្រព័ន្ធលូបង្ហូរទឹកនេះ ដោយសារតែអាជីវករមួយចំនួនមិនមានការចូលរួមថែរក្សាអនាម័យ និងចូលរួមសម្អាតប្រព័ន្ធបង្ហូរទឹកនៅមុខទីតាំងតូបរបស់ខ្លួន។ ម្យ៉ាងទៀតដោយមានការពង្រីកតូបបន្ថែម ហើយអាជីវករបានធ្វើតូបលើរីឃ្គែដែលធ្វើឱ្យមានការលំបាកក្នុងការស្តារ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពតតម្រូវឱ្យអ្នកគ្រប់គ្រងផ្សារសាមគ្គី និងអាជ្ញាធរក្រុងកំពត ធ្វើយ៉ាងណាត្រូវដោះស្រាយស្តារប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹកនេះឱ្យបានឆាប់បំផុត ហើយត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ទោះជាប្រើប្រាស់វិធីណាក៏ដោយ ត្រូវធ្វើការស្តារឱ្យបានញឹកញាប់បំផុត ដើម្បីបញ្ជៀសឱ្យបាននូវការជន់លិចនៅពេលមានភ្លៀងធ្លាក់នារដូវវស្សានេះ៕
អត្ថបទ៖ វង្ស សុធារម្យ
