ករណីឃាតកម្មលើបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាមនៅមុខផ្សារដើមថ្កូវ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់
ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម នៅត្រង់ចំណុចមុខផ្សារដើមថ្កូវ ផ្លូវលេខ៣៣បេតេ ក្នុងភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ សង្ស័យករណីឃាតកម្ម ទើបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ជាវ វិបុល សហការជាមួយកម្លាំងជំនាញព្រហ្នទណ្ឌខណ្ឌមានជ័យ បើកការស្រាវជ្រាវអស់រយៈពេលជាង ៧ម៉ោង បានឈានដល់ការចាប់ខ្លួនជនដៃដល់បានចំនួន២នាក់។
បុរសរងគ្រោះដែលបានស្លាប់មានឈ្មោះ ម៉ុក គង្គារស្មី អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ ជនរងគ្រោះស្លាប់ មានស្លាកស្នាមរបួសបែកក្បាលពីខាងក្រោយឈាមហូរស្រោចខ្លួន និងបាក់ជើងខាងឆ្វេង។
ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និងផ្អែកទៅលើកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញកន្លែងកន្លែងកើតហេតុ ទើបអាចបញ្ជាក់ថា ករណីនោះ ជាករណីឃាតកម្ម កើតឡើងក្នុងអំឡុងម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ខណៈដែលប្រជាពលរដ្ឋបានឮសំឡេងបុរសម្នាក់ស្រែកឱ្យជួយ។ ចំណែកកាមេរ៉ាសុវត្ថិភាពបញ្ជាក់ដែរថា ជនដៃដល់២នាក់បានបើកឡំប្រឺតាដេញជនរងគ្រោះហើយបានប្រតាយប្រតប់គ្នា ដោយជនសង្ស័យទាំង២នាក់នោះ បានយកដុំថ្មវាយសំពងទៅលើជនរងគ្រោះបណ្ដាលឱ្យបែកក្បាលរួចក៏យកដែកវាយបំបាក់ជើងបន្ថែមទៀត និងបានបើកឡំប្រឺតាកិនពីលើជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួន។
ទាក់ទងនឹងករណីឃាតកម្មនេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ បើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងស្លាកលេខឡំប្រឺតារបស់ជនសង្ស័យទើបឃាត់ខ្លួនឈ្មោះ កែវ យិនភី ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរជាអ្នករត់ឡំប្រឺតាជាជនសង្ស័យ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះ រ៉េត បញ្ញា ហៅអាម៉ក ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករមើលម៉ូតូ ស្នាក់នៅខណ្ឌទួលគោក រួចបានបញ្ជូនជនសង្ស័យទៅធ្វើការសាកសួបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់ បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលពួកគេវាយសម្លាប់ជនរងគ្រោះ ព្រោះតែពួកគេខឹងជនរងគ្រោះវាយកញ្ចក់ឡំប្រឺតារបស់ខ្លួនបែកទើបពួកគេខឹងក៏ជិះឡំប្រឺតាដេញវាយសម្លាប់ជនរងគ្រោះតែម្តងទៅ។ ទោះយ៉ាងនេះក៏ដោយ ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិក្រុមគ្រួសារ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕






