ព័ត៌មានជាតិ

ជនជាតិភាគតិចកាចក់ក្នុងខេត្តរតនគិរី នៅតែរក្សាវប្បធម៌ដូនតា ដោយការដងទឹកទុកក្នុងឃ្លោកសម្រាប់ទទួលទាន និងដាំស្ល

image

អត្ថបទ៖ ប៉េស សារី
រតនគិរី៖  ជនជាតិភាគតិចកាចក់ នៅតែរក្សាវប្បធម៌ដូនតា ដោយការដងទឹកទុកក្នុងឃ្លោកសម្រាប់ទទួលទាន និងដាំស្ល ដែលស្ថិតនៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
បើតាមឲ្យដឹងពីប្រជាពលរដ្ឋនៅទីនោះថា សព្វថ្ងៃពួកគាត់នៅតែប្រកាន់ខ្ជាប់របៀបរបបទំនៀមទម្លាប់ប្រពៃណីដូនតារបស់ពួកគេដែលមានពីមុនមក បើទោះបីប្រទេសជាតិមានការរីកចម្រើនខាងផ្នែកវិទ្យាសាស្រ្តក៏ដោយ ពួកគេមិនអាចបំភ្លេចប្រពៃណីរបស់ពួកគេឡើយ។ ដូចជាការហូបចុកធ្វើស្រែចម្ការ ការដងទឹកយកទៅបរិភោគ និងការរក្សាទឹកទុកជាដើម។
អ្នកភូមិ បានបន្តទៀតថាសព្វថ្ងៃក្នុងភូមិពួកគេ មានអណ្ដូងស្នប់ប្រើប្រាស់ក៏ពិតមែន ប៉ុន្តែពួកគេនៅតែរក្សាប្រពៃណីទំនៀមទម្លាប់ដងទឹកនៅតាមមាត់ច្រប់ មាត់អូរ ឬដងទន្លេដោយពួកគេបានជីកជាកូនអណ្ដូងតូចៗនៅបរិវេណដែលមានប្រភពទឹកអាចប្រើប្រាស់បាន។ ចំពោះអណ្ដូងស្នប់ពួកគេមិនបានយកទៅបរិភោគនោះទេគ្រាន់តែសម្រាប់ប្រើប្រាស់ដូចជាបោកគក់សម្លៀកបំពាក់ជាដើម។
អ្នកភូមិ បានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ គាត់មកដងទឹកនៅទីនេះម្តង ឬ២ដង ដើម្បីយកទៅបរិភោគ ដាំស្ល បន្ទាប់ពីសម្រាកការងារនៅចម្ការ ហើយការរក្សាទឹកក្នុងឃ្លោក វាមិនត្រឹមតែជាប្រពៃណីទំនៀមទម្លាប់ទេ តែវាអាចធ្វើឲ្យទឹករក្សាបាននូវរស់ជាតិផ្អែម និងត្រជាក់ទៀតផង។  
សូមជម្រាបថា  ជនជាតិភាគតិចកាចក់ ភាគច្រើនជាស្ត្រី និងកុមារី បានជញ្ជូនទឹកយកទៅរក្សាទុក ដោយពួកគេបានច្រកក្នុងដប ឬឃ្លោកហើយដាក់ចូលកាផាស្ពាយទៅផ្ទះចម្ងាយមួយទៅពីរគីឡូម៉ែត្រ។
ចំណែកបុរសៗជាអ្នកធ្វើការងារដាំដុះ ប្រមូលផលនៅចម្ការ និងការងារលីសែងធ្ងន់ៗ៕