សង្គម

ស្រុកជុំគិរី ចាត់ទុកវិស័យកសិកម្ម ជាវិស័យចម្បងបំផុតក្នុងការប្រែក្លាយមុខមាត់ថ្មី និងលើកកម្ពស់ជីវភាពពលរដ្ឋ

image


កំពត៖ ស្រុកជុំគិរី គឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨ នៃខេត្តកំពត ដែលស្ថិតនៅប៉ែកឦសាន និងមានចម្ងាយប្រមាណជា ៥៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ ស្រុកជុំគិរី កាលពីមុនជាសមរភូមិប្រយុទ្ធក្តៅកគុកមួយ ដែលគេមិននឹកស្មានដល់ថា បានប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័សបែបនេះឡើយ។

បច្ចុប្បន្ន សំណង់អគារផ្ទះសំបែងរបស់ប្រជាពលរដ្ឋធំៗ ចាប់ផ្តើមសាងសង់ព្រោងព្រាត យាន្តជំនិះថ្មីទំនើប រថយន្ត និងម៉ូតូមានគ្រប់ផ្ទះ មន្ទីរពេទ្យ សាលារៀនរីកដុះដាល់ដូចផ្សិត។

អភិបាលស្រុកជុំគិរី លោកស្រី គឹម សុធារី បានឱ្យដឹងថា វិស័យដែលមានសក្តានុពលខ្លាំង ហើយសំខាន់បំផុតសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងស្រុកជុំគិរី គឺវិស័យកសិកម្ម។ ស្រុកនេះ មានទំនប់អាងស្តុកទឹកសម្រាប់បម្រើការស្រោចស្រពចំនួន ៥កន្លែងធំៗ ដែលអាចបង្កភាពងាយស្រួលដល់ការដាំដុះបានគ្រប់រដូវកាល ខណៈដែលវិសាលភាពផ្ទៃដីកសិកម្មគ្រប់ដណ្តប់លើទំហំជិតម៉ឺនហិកតា។

លោកស្រីអភិបាលស្រុក បានបញ្ជាក់ថា វិស័យដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងការអភិវឌ្ឍស្រុកជុំគិរីចម្បងបំផុត គឺវិស័យកសិកម្ម។

ស្រុកជុំគិរីមានផ្ទៃដីស្រែចំនួន ១១,៥៣០ហិកតា និងចម្ការចំនួន ៨,៨៥៧ហិកតា ខណៈដែលផ្ទៃដីលំនៅដ្ឋានមានទំហំ ២,៤៩៥ហិកតា និងផ្ទៃដីព្រៃ ១,៤២៦ហិកតា។ ស្រុកនេះមានទំនប់អាងស្តុកទឹកធំៗចំនួន៥ ដើម្បីបម្រើដល់វិស័យកសិកម្ម ពិសេសដំណាំរួមផ្សំផ្សេងៗដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីដំណាំស្រូវ។

យោយតាមស្ថិតិប្រជាពលរដ្ឋសរុបក្នុងស្រុកជុំគិរី មានចំនួន ៥៦,២១២នាក់ (ស្រី២៨,៩៥២នាក់) គិតជាគ្រួសារសរុបចំនួន ១២,៩២៣គ្រួសារ ក្នុងនោះក៏មានគ្រួសារក្រីក្រប្រភេទ១ ចំនួន ៧០២គ្រួសារ និងគ្រួសារក្រីក្រប្រភេទ២ មាន ចំនួន ៩៨៧គ្រួសារ ដែលបាននឹងកំពុងទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងពេលមានវិបត្តិកូវីដ-១៩៕

ដោយ៖ វង្ស សុធារម្យ