បញ្ជូនអ្នកលេងល្បែងជល់មាន់អនឡាញ១០នាក់ ទៅតុលាការខេត្តកំពង់ឆ្នំាង
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច បានឡោមព័ទ្ធក្រុមអ្នកលេងល្បែងជល់មាន់មួយកន្លែង ចាប់ខ្លួនមនុស្សចំនួន ១៧នាក់ រួមនឹងម៉ូតូចំនួន ២១គ្រឿង ដែលមានម្ចាស់ទីតាំងឈ្មោះ ជុំ ថ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ពាក់ព័ន្ឋករណីខាងលើ ក្រោយពីសមត្ថកិច្ច បានពិនិត្យរួចរាល់ បានសន្និដ្ឋានថា ក្នុងចំណោមមនុស្ស ១៧នាក់នោះ មានមនុស្សចំនួន ១០នាក់ប៉ុណ្ណោះ ដែលជាអ្នកប្រព្រឹត្តក្នុងការលេងល្បែងជល់មាន់តាមអនឡាញ ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ ចំណែកមនុសុ្សចំនួន ៧នាក់ទៀត ត្រូវបានដោះលែងត្រឡប់ទៅផ្ទះវិញ ដោយសារអ្នកទាំងនោះគ្រាន់តែអង្គុយផឹកកាហ្វេ មើលគេជល់មាន់មិនមានពាក់ព័ន្ធនឹងបទល្មើស។
ទាក់ទងនឹងល្បែងភ្នាល់តាមអនឡាញនេះ កាលពីកន្លងទៅឧត្តមសេនីយ៍ទោ ខូវ លី ធ្លាប់បានព្រមានរួចហើយថា បើមូលដ្ឋានណាកើតមានករណីល្បែងស៊ីសងមូលដ្ឋាន មេប៉ុស្តិ៍ និងអធិការមិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកតំណែង ព្រោះបញ្ហាល្បែងស៊ីសងពាក់ព័ន្ធជាមួយនឹងភូមិឃុំមានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅ ដែលអាចកើតមាននូវអំពើលួចឆក់ ប្លន់៕


