តើអ្វីទៅជាគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលដឹកនាំដោយមហាយក្សចិន?
| ព័ត៌មានអន្តរជាតិ
SHARE

គម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» គឺជាការផ្តួចផ្តើមឡើងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងគោលបំណង ដើម្បីក៏សាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អាស៊ី ជាមួយអឺរ៉ុប និងទ្វីបអាហ្រ្វិក តាមរយៈផ្លូវពាណិជ្ជកម្មបុរាណ ដែលនឹងនាំមកនូវលទ្ធផលផ្លែផ្កា សម្រាប់គ្រប់បណ្តាប្រទេសដែលជាប់ផ្លូវបុរាណនេះ។

កាលពីសម័យបុរាណ ប្រទេសចិនបានពឹងផ្អែកយ៉ាងខ្លាំងទៅលើ «ផ្លូវសូត្រ» សម្រាប់ប្រើប្រាស់ជួញដូរពាណិជ្ជកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។ ហើយផ្លូវសូត្រនេះ ត្រូវបានគេចាត់ទុកថា ជាបណ្តាញប្រព័ន្ធផ្លូវដ៏ល្បីមួយ មានអទិភាពតាំងពី ២សតវត្សមុនគ្រឹស្តសករាជ តភ្ជាប់ទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក សម្រាប់ធ្វើចរាចរសរសៃសូត្រ សំពត់សូត្រក៏ដូចរបស់មានតម្លៃផ្សេងៗ។

កាលពីបុរាណគេធ្វើដំណើរដោយថ្មើជើង ហើយដឹកទំនិញដោយប្រើសត្វអូដ្ឋ សេះ គោក្របីជា ដើម។ តែចាប់តាំងពីយានជំនិះប្រើម៉ាស៊ីនមានវត្តមានមកផ្លូវសូត្របុរាណនេះត្រូវគេបោះបង់ចោលឈប់នឹកនាអស់ជាច្រើនសតវត្ស។

ជាថ្មីម្តងទៀត គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នេះ ត្រូវបានស្នើឡើងវិញ ដោយប្រធា នាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឆ្នាំ ២០១៣ ដែលសំដៅដល់គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ា់ត់សេដ្ឋកិច្ចផ្លូវសូត្របុរាណ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។

កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ត្រូវបានប្រកាសជាផ្លូវការ នាទីក្រុងប៉េកាំង នៃសាធារណដ្ឋប្រជាមានិតចិនប្រទេសចិន ដោយមានការចូលរួមពីសំណាក់ប្រមុខរដ្ឋចំនួន ២៨ប្រទេស ស្ថាប័នអន្តរជាតិ ក្រុមហ៊ុនឯកជនធំៗ និងមន្ត្រីជាន់ខ្ពស់ជាច្រើនមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ននេះរដ្ឋាភិបាលចិន បាន និងកំពុងចំណាយលុយ និងធនធានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក៏សាងបណ្តាញ តភ្ជាប់ប្រព័ន្ធគមនាគមន៍ ទៅកាន់តំបន់ និងពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការផ្តល់ជំនួយ និងហិរញ្ញប្បទានទៅកាន់ដៃគូរអភិវឌ្ឍន៍របស់ខ្លួន។

ជាការពិត អ្វីដែលចិន រំពឹងទទួលផលមកវិញនោះ គឺជា «ឥទ្ធិពល» នៅលើឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសទៅកាន់បណ្តាប្រទេសស្ថិតនៅជាប់ផ្លូវសូត្របុរាណនេះ តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច។

ការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងចិន និងបណ្តាប្រទេស ក្នុងបណ្តាញ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នឹងកាន់តែងាយស្រួល ជាមួយការដឹកជញ្ជូនទំនិញកាន់តែឆាប់រហ័ស ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស។ មិនតែប៉ុណ្ណោះ វានឹងជំរុញឲ្យមានលំហូរមូលធន វប្បធម៌ រូបិយវត្ថុ បច្ចេកវិទ្យា និងមនុស្ស តាមរយៈ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការប្រើប្រាស់កម្លាំងពលកម្មជំនាញ និងទេសចរ។

ក្រៅពីនេះ វាក៏នឹងត្រួសត្រាយផ្លូវសម្រាប់វិនិយោគិនចិន មានឳកាសចេញទៅក្រៅប្រទេស ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មដើម្បីស្វែងរកផលចំណេញ ព្រមទាំងពង្រឹងសមត្ថភាព និងបទពិសោធន៍របស់ពួកគេ ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិនានានៅជុំវិញពិភពលោកផងដែរ។

កត្តាទាំងអស់នេះ នឹងធ្វើឲ្យប្រទេសចិន មានតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងការធ្វើជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចពិភពលោក និងផ្តល់លទ្ធភាពឲ្យចិនកាន់តែច្រើន ដើម្បីប្រកួតប្រជែងជាមួយប្រទេសមហាអំណាចផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក រុស្សី ជប៉ុន បណ្តាប្រទេសនៅប៉ែកអឺរ៉ុប និងឥណ្ឌា ដែលកំពុងអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស។

ដូចគ្នានេះដែរ បណ្តាប្រទេស ជាដៃគូ ស្ថិតក្នុងបណ្តញខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ ក៏នឹងទទួលបានផលចំណេញក្រាសក្រែលខ្លាំងណាស់ដែរ សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ពីព្រោះថា ហេដ្ឋារចនាសម្ព័ន្ធគឺជាអ្វីដែលបណ្តាប្រទេសអស់ទាំងនេះកំពុងតែត្រូវការខ្លាំង ហើយកម្ចីពីចិន ដើម្បីចំណាយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក៏ងាយនឹងទទួលបាន ដោយមិនមានលក្ខខណ្ឌអ្វីច្រើនដូចកម្ចីពីប្រទេសផ្សេង ឬកម្ចីពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារពិភពលោក ជាដើម។

ក៏ប៉ុន្តែ កម្ចីដែលបានមកដោយស្រួលនេះ ក៏វាងាយនឹងធ្វើឲ្យកូនបំណុលត្រូវវ័ណ្ឌកដោយសារបំណុលផងដែរ ខណៈប្រទេសមួយចំនួនដែលស្ថិតនៅក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាតមួយ ជាមួយចិន កំពុងប្រឈមនឹងបញ្ហាបំណុលនេះ។

យោងតាមប្រធាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងនៅក្នុងវេទិកាខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលន្លងមកថា៖ «វាពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងជូនទៅប្រជាជនរបស់ប្រទេស ដែលបានចូលរួមក្នុងកិច្ចផ្តួចផ្តើមនេះ»។

លោកថ្លែងថា «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» គឺបើកចំហកិច្ចសហប្រតិបត្តិការ ផ្តោតជាសំខាន់ លើមហិច្ឆិតាសេដ្ឋកិច្ច និងស្វែងរកសន្តិភាព មិត្តភាព រវាងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក អង្គការតំបន់ និងអន្តរជាតិ ឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះការអភិវឌ្ឍរួមគ្នា និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។

ទោះជាយ៉ាងនេះក្តីគេនៅចាំបានថា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលដឹកនាំដោយចិននេះ គឺធ្វើឡើងស្របពេល មានការលេចចេញនៃ «កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)» ដែលដឹកនាំដោយប្រទេសចំនួន ១២ ក្នុងនោះរួមមាន អូស្ត្រាលី ប៊្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ីកូ ញូហ្សេលែន ប៉េរូ សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេ ចាត់ទុកថា ជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកិច្ចព្រមព្រៀងនេះ។

ជុំវិញការលេចចេញនៃ គម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និង «កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» នេះ? គឺមានការចោទជាសំណួរថា តើវាជាការប្រជែងឥទ្ធិពលគ្នារវាងបណ្តា ប្រទេសមហាអំណាច ឬក៏យ៉ាងណា?

យ៉ាងណាក៏ដោយ ឥឡូវនេះ «កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» ហាក់កំពុងដំណើរ ការមិនសូវល្អប៉ុន្មាននោះទេ ក្រោយពីលោក ដូ ណាល់ត្រាំ ប្រធានាធីបតីសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ បានទាត់ចោលកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ្មមុន ក្នុងហេតុផលថា វានឹងមិនសូវ ផ្តល់ផលចំណេញសម្រាប់ប្រទេសរបស់ខ្លួន។

ឥឡូវកិច្ចព្រមព្រៀងនេះ សល់សមាជិកចំនួន ១១ប្រទេសតែប៉ុណ្ណោះ ដែលក្នុងនោះ ក៏មានប្រទេសក្នុងតំបន់អាស៊ានចំនួន ៤ ចូលរួមផងដែរគឺ ព្រុយណេ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ី ផងដែរ។ ហើយកាលពីខែមីនាឆ្នាំ ២០១៨ ប្រទេសទាំង ១១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលត្រូវបានគេហៅថា កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក នៅចំថ្ងៃដែលប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើតារាងកម្រិតតម្លៃពន្ធដែកថែប។

ការដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP របស់សហរដ្ឋអាមេរិក ធ្វើឲ្យឥទ្ធិពលរបស់ចិនកាន់តែរីកសាយ ជាមួយដំណើរការទៅមុខយ៉ាងសកម្ម និងមានការគាំទ្រកាន់តែច្រើនឡើងៗពីបណ្តាប្រទេសនានាជុំវិញពិភពលោក ទាំងក្នុងតំបន់អាស៊ី អឺរ៉ុប និងទ្វីបអាហ្វ្រិក ទៅលើគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នេះ។

ជាមួយគ្នានេះប្រទេសកម្ពុជា ក៏ជាសមាជិកគាំទ្រគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» យ៉ាងសកម្មមួយផងដែរ ក៏ប៉ុន្តែកម្ពុជា បានបង្ហាញជំហរមិនគាំទ្រចំពោះប្រទេសសមាជិកអាស៊ានដែលចូលរួម ក្នុងកិច្ចព្រមព្រៀង TPP លក្ខណៈដាច់ដោយឡែកៗពីគ្នានោះទេ ពោលគឺកម្ពុជា ចង់ឲ្យបណ្តាប្រទេសអាស៊ានចួលរួមក្នុងកិច្ចព្រមព្រៀងនេះជាកញ្ចប់រួមគ្នាទាំងអស់វិញ ក្រោម ហេតុផលថា មិនចង់ឲ្យអាស៊ានឃ្លាតចេញពីគ្នាកាន់តែឆ្ងាយ៕

អត្ថបទ ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation