ជនសង្ស័យម្នាក់ ចូលទៅរុញរូបសំណាកព្រះអង្គចេកព្រះអង្គចម ត្រូវនគរបាលឃាត់ចាប់ខ្លួនបានហើយ
សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីបទប៉ុនប៉ងធ្វើឲ្យខូចខាតសម្បត្តិវប្បធម៌។ រឿងរ៉ាងដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ចំនុចព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យសារព័ត៌មានដឹងថា កម្លាំងនគរបាល បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប ដែលបានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់ព្រះអង្គចេកព្រះអង្គចម តែត្រូវបានលោកអាចារ្យចំនួន៣រូប ចូលទៅឃាត់ រួចរូបគេក៏បានរត់គេច។ ក្រោយការចាប់ខ្លួន បុរសរូបនេះ សារភាពថាពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕