ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រជាង ២ម៉ឺនគ្រួសារបន្ថែមទៀត នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅជុំទី២

image

ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ ទន្ទឹមនឹងការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បានបញ្ចប់, ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន ២៤ ៩១៥គ្រួសារ។

នេះបើយោងតាមការឱ្យដឹងពីក្រសួងផែនការចំពោះគ្រួសារដែលទទួលបានការឧបត្ថម្ភនៅជុំទី១ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ គ្រួសារចំនួន ៥៦០,០០០គ្រួសារ ស្ទើរតែទទួលបានថវិកាដំណាក់កាលទី១ ទាំងអស់គ្នាហើយ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា “ទោះបីជាយើងបានព្យាយាមខិតខំសម្រចបាននូវភារកិច្ចដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក៏ដោយ ក៏នៅតែមានជួបនូវបញ្ហាប្រឈមជាច្រើន ដូចជា ការកំណត់ពេលផ្តល់ទិន្នន័យមានរយៈពេលខ្លីបំផុត និង ទាមទារគុណភាពទិន្នន័យ, ការប្រើប្រាស់ tablets ជាការប្រើប្រាស់លើកដំបូង នៅមានភាពរអាក់រអួល ទាំងប្រព័ន្ធ និងមន្រ្តី។ រដូវនេះ ជារដូវធ្លាក់ភ្លៀង បានប៉ះពាល់ដល់ដំណើរការប្រព័ន្ធទាក់ទង ការបញ្ជូនទិន្នន័យ ការធ្វើដំណើរ ស្ថានភាពរបស់ខេត្តមិនដូចគ្នា ខ្លះឆ្ងាយ ផ្លូវពិបាក និង ខ្លះជាតំបន់កោះ និងជ្រលងភ្នំ ជាដើម”។

លោកទេសរដ្ឋមន្ត្រី បន្តថា រឿងដែលសំខាន់បំផុត និងប៉ះពាល់ដល់ការងារផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះគឺ ប្រតិកម្មពីប្រជាជន ដូចជាអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និងទទួលបានការឧបត្ថម្ភ, ប័ណ្ណខ្លះ ផុតសុពលភាព (លើសពី៣ឆ្នាំ) មានអ្នកបំផុសឱ្យទៅទទួលការឧបត្ថម្ភ, គ្រួសារក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ, គ្រួសារខ្លះនៅបន្តប្រើប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ, គ្រួសារខ្លះជាគ្រួសារចំណាកស្រុក ឬ មិនមានសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ, ប័ណ្ណរហែក/បាត់ជាដើម។

ពួកគេ បាននាំគ្នាផ្ទុះការតវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេសតាមបណ្តាញសង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការតាមបណ្តាញសង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាពជ្រះស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារថ្នាក់ជាតិចុះតាមឃុំ/សង្កាត់ ក៏នៅតែខិតខំជួយតាមដានការងារនេះផងដែរ។

សម្រាប់ទិន្នន័យបឋមអំពីបញ្ហា ដែលខេត្តចំនួន១៣ បានផ្តល់មក និងបានដោះស្រាយរួចរាល់រួមមាន ប័ណ្ណអស់សុពលភាព មានចំនួន ១៨៥ករណី, អ្នកកាន់ប័ណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ២៣០ករណីកំពុងកាន់ប័ណ្ណ), អ្នកក្រដែលមិនមានប័ណ្ណ មានចំនួន ៥៩៩ ករណី, ប័ណ្ណរហែក ឬបាត់ មានចំនួន ២,៧៥៣ករណី៕