ព័ត៌មានជាតិ

គម្រោងមេគង្គ-ឡានឆាង របស់ក្រសួង​ព័ត៌មាន​ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ ត្រូវបានបិទបញ្ចប់ហើយ

image

ភ្នំពេញ៖ គម្រោងមេគង្គ-ឡានឆាង របស់ក្រសួង​ព័ត៌មាន​ ឆ្នាំ២០២៥ ស្តីពី "យុទ្ធនាការលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ"៖ ពង្រឹងកិច្ច​ខិតខំប្រឹងប្រែងប្រយុទ្ធប្រប្រឆាំង​ព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការ​ប្រឆាំង​ព័ត៌មាន ក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាល​ទី២។

ការបិទបញ្ចប់នេះ បានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នា​រសៀល​ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ និងលោក ឆឹង ឈុង តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។

នាឱកាសនោះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានលើកឡើងថា ការសេរសេរព័ត៌មាន ដោយ​ប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬអេអាយ​(AI ) បានត្រឹម​តែជាជំនួយការប៉ុណ្ណោះ មិនអាចយកមកសរសេរ​ជំនួស​អ្នកព័ត៌មានបានទេ។

ករណីសរសេរព័ត៌មានដែលប្រើប្រាស់AI ផល​ប្រយោជន៍ គឺលឿន ប៉ុន្តែផលវិបាក គឺមិនមាន​មូលដ្ឋាន​អ្វីនោះទេ ព្រោះម៉ាស៊ីនជាអ្នកធ្វើកិច្ចការ​ទាំងអស់។ ត្រង់ចំណុចនេះលោករដ្ឋមន្ត្រី ក្រើនរំលឹក​ឱ្យប្រើប្រាស់ត្រឹមតែជំនួយ តែកុំ​ប្រើជំនួស។ បច្ចេកវិទ្យាAI មិនអាចជំនួសទៅលើការទទួលខុសត្រូវរបស់យើងនៅចំពោះមុខច្បាប់បានទេ។
ទោះបច្ចុប្បន្នជាយុគសម័យដែលបច្ចេកវិទ្យាធ្វើដំណើរលឿន ជាងពេលណាៗទាំងអស់មែន តែបច្ចេកវិទ្យាឌីជីថល និងបញ្ញា​សិប្បនិម្មិត បាន​ពង្រីក​លទ្ធភាព និងវិសាលភាពក្នុងការ​ទទួលចំណេះដឹង ភាពច្នៃប្រឌិត និងការចូលរួមរបស់​មនុស្ស​គ្រប់រូប។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា បច្ចេកវិទ្យា ត្រូវបានគេប្រើ​ប្រាស់ដើម្បីផលិត និង​ចែកចាយ​ព័ត៌មានក្លែងក្លាយ ដែល​បង្កជាបញ្ហាប្រឈម និងភាពស្មុគ្រស្មាញដល់សង្គមជាតិ។ ដូចនេះអង្គភាព​សារព័ត៌​មាន និងអ្នកសារព័ត៌មាន មានតួនាទីស្នូលក្នុងការផ្តល់​ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលា ដោយឈរលើ​ការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការផ្សព្វផ្សាយប្រកប​ដោយក្រមសីលធម៌វិជ្ជាជីវៈ។ ចំណែកអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ក៏គួរប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួនក្នុងទិសដៅវិជ្ជមាន ផងដែរ។

ទន្ទឹមនេះ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមាន​ឥទ្ធិពល​លើបណ្តាញសង្គម គួរយកទៅ​អនុវត្ត​ជាប្រចាំគឺ៖ «បង្ការ ផ្ទៀងផ្ទាត់ សហការ» ដោយបង្ការមុន​ពេល​ព័ត៌មាន​មិនពិតរីករាលដាល។ ផ្ទៀងផ្ទាត់ មុនពេលជឿ ឬផ្សព្វផ្សាយ ព័ត៌មាន។ សហការ ដើម្បីបង្កើតបរិយា​កាសព័ត៌មានដែលមានភាពជឿទុកចិត្ត និងមានភាពធន់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយ​ពី​រដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហ​ប្រតិបត្តិការមេគង្គ-ឡានឆាង ទៅលើយុទ្ធនាការលុប​បំបាត់ព័ត៌មានក្លែងក្លាយ។ គម្រោង​នេះ នឹងត្រូវ​បានបន្ត​អនុវត្ត និងពង្រីកវិសាល​ភាពឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកកសាង​សង្គមមួយដែលមានចំណេះដឹងផ្នែកព័ត៌មាន មានភាព​ធន់​នឹងព័ត៌មានក្លែងក្លាយ និង ព័ត៌មានបំភ្លៃ ព្រមទាំង​មានទំនុកចិត្តខ្ពស់លើព័ត៌មានពិត និងត្រឹមត្រូវ៕