ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ និង កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ នៅវៀតណាម

image

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងសមាគម ឧកញ៉ាកម្ពុជា ផងដែរ។

ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ ប្រតិបត្តិការ CLMV-ការទាញយកសក្តានុពល-ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហ CLMV និងកំណត់ទិសដៅអនាគត
។ ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃ ប្រទេសទាំងបួន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពី ប្រទេសវៀតណាម មកប្រទេសកម្ពុជា ផងដែរ។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគី ជាមួយសមភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី