គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” នៅក្រុងស្វាយរៀង
ស្វាយរៀង៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រៀបចំព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌” នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីវេលាម៉ោង ៤:០០ព្រឹក តទៅ នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសប្បុរសធម៌។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសដ៏អស្ចារ្យ និងសំខាន់សម្រាប់សាធារណជនទាំងជាតិ និងអន្តរជាតិមកចូលរួមលេងកីឡា ដើម្បីពង្រឹងសុខភាព ផ្លាស់ប្តូរបទពិសោធ និងបង្កើតចំណងមិត្តភាព ព្រមទាំងជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង និងបានធ្វើការងារសប្បុរសធម៌ជួយដល់សង្គមជាមួយគ្នាផងដែរ៕