វិនិយោគិន ជាង១,២០០នាក់ មកពីបណ្តាប្រទេសជឿនលឿនលើពិភពលោក បានចូលរួមក្នុង “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦” ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុង“វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
បើតាមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា បានឱ្យដឹងថា វេទិកានេះ មានការអញ្ជើញចូលរួម ពីអ្នកវិនិយោគនានា មកពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ជាង ១,២០០ នាក់ ដូចជាសាធារណរដ្ឋប្រជាមានិតចិន (ហុងកុង តែវ៉ាន់) ម៉ាឡេស៊ី សង្ហបុរីជប៉ុន កូរ៉េ និងសហសគមអឺរ៉ុបជាដើម។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការរីកចម្រើន លើគ្រប់វិស័យដូចជា៖ វិស័យឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអារហារ, ភស្តុភារ និងមជ្ឈមណ្ឌលចែកចាយ, ថាមពល ស្អាត និងថាមពលកកើតឡើងវិញ, សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា, ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍គុណភាពខ្ពស់ ដែលអាចធ្វើឱ្យកម្ពុជារក្សាបាននូវភាពរីកចម្រើនទៅមុខជាលំដាប់ ទាំងថ្នាក់ជាតិ ក្នុងតំបន់ និងពិភពលោក។
បណ្ឌិត ហេង វុទ្ធី បន្តថា ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីធានានូវបរិយាកាសវិនិយោគ និងមានស្ថិរភាពនយោបាយ ដែលមានភាពប្រកួតប្រជែង ប្រកបដោយកាលានុវត្តភាព សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងរឹងមាំ។
តាមរយៈវេទិកានេះ យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងបានផ្លាស់ប្តូរទស្សនទានបទពិសោធ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីផ្លែផ្កាសេដ្ឋកិច្ចរួមគ្នា។
ក្នុងនាមសមាគមសហព័ន្ធជំរុញពាណិជ្ជកម្មនិងវិនិយោគជាតិកម្ពុជា បណ្ឌិត ហេង វុទ្ធី បានអំពាវនាវដល់ វិនិយោគគិនទាំងអស់ សូមពិនិត្យមើលកម្ពុជាជាដៃគូវិនិយោគរយៈពេលវែង។ កម្ពុជាមិន ត្រឹមតែផ្តល់ឱកាសអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវភាពជាដៃគូ ស្ថិរភាព និងអនាគត នៃការរីកចម្រើនរួមគ្នា និងបានអំពាវនាវដល់សហគ្រាសកម្ពុជា ឱ្យបន្តលើកកម្ពស់ ស្តង់ដារផលិតកម្ម ការគ្រប់គ្រងសហគ្រាស ការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី