ព័ត៌មានជាតិ

កូកា-កូឡា ជួយគាំទ្រគ្រួសារកំពុងជួបការលំបាក ៣០០០គ្រួសារ តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» នៅខេត្តបន្ទាយមានជ័យ

image

ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣ ដោយជោគជ័យ កាលពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដោយបានជួយគាំទ្រដល់គ្រួសារកំពុងជួបការលំបាកចំនួន ៣០០០គ្រួសារ ឱ្យទទួលបានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួន។

តាមរយៈកម្មវិធីលើកទី៣នេះ បានជួយគាំទ្រដល់គ្រួសារកំពុងជួបការលំបាកចំនួន ៣០០០ គ្រួសារ ដែលសរុបទាំងបីដង នៃកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» បានគាំទ្រដល់គ្រួសារដែលកំពុងជួបការលំបាកសរុបរហូតដល់ជាង ៧០០០គ្រួសារ។ គួររំលឹកផងដែរថា កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដែលបានធ្វើពីរដងកន្លងទៅ បានជួយដល់គ្រួសារជួបការលំបាកជាង ៤០០០គ្រួសារ នៅក្នុងសហគមន៍នានា រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣នេះ គឺជាការពង្រីកវិសាលភាពនៃការជួយគាំទ្រដល់ក្រុមគ្រួសារកំពុងជួបការលំបាកជាច្រើនបន្ថែមទៀត។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» គឺជាគំនិតផ្តួចផ្តើមដើម្បីខ្មែរ និងបង្កើតឡើងដោយសហគមន៍ខ្មែរ ដើម្បីជួយគាំទ្រដល់គ្រួសារកំពុងជួបការលំបាក។ ដោយឈរលើស្មារតីសាមគ្គីភាព និងការជួយយកអាសាគ្នានៅក្នុងសហគមន៍ខ្មែរ គំនិតផ្តួចផ្តើមនេះ បានផ្តល់បណ្ណទិញទំនិញជូនដល់បងប្អូនប្រជាជនខ្មែរ ដើម្បីទិញស្បៀងអាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដោយសេរីស្របតាមតម្រូវការជាក់ស្តែង ដែលធានាបាននូវជម្រើសដ៏សម្បូរបែប ភាពថ្លៃថ្នូរ និងការជួយគាំទ្រប្រកបដោយអត្ថន័យសម្រាប់គ្រួសារនីមួយៗ។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣ នេះប្រព្រឹត្តទៅដោយសារមានការគាំទ្រយ៉ាងសកម្មតាមរយៈយុទ្ធនាការ «ទិញ កូកា-កូឡា ដើម្បីគាំទ្រកម្មវិធី កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដែលបានដំណើរការចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលយុទ្ធនាការនេះ រាល់ការទិញភេសជ្ជៈ កូកា-កូឡា គ្រប់លក្ខខណ្ឌកំណត់ចំនួន ១កេស ក្រុមហ៊ុន កូកា-កូឡា បានចូលរួមបរិច្ចាគថវិកាចំនួន ៥០០រៀល ចូលទៅក្នុងមូលនិធិគាំទ្រសហគមន៍។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣នេះ ក្រុមហ៊ុនលក់ភេសជ្ជៈ កូកា-កូឡា បានចំនួនជាង ១លានកេស ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី ១០ តុលា ដល់ ១០ វិច្ឆិកា ហើយការលក់នេះជួយឱ្យ ក្រុមហ៊ុនអាចបរិច្ចាគថវិកាសរុបប្រមាណជិត ៦០០ លានរៀល (ប្រមាណ ១៤0,០០០ដុល្លារអាមេរិក) ដើម្បីជួយដល់គ្រួសារចំនួន ៣០០០ គ្រួសារ។ គ្រួសារនីមួយៗទទួលបានបណ្ណទិញទំនិញតម្លៃ ២០០,០០០រៀល (ប្រមាណ ៥០ ដុល្លារអាមេរិក) និងប្រើប្រាស់បណ្ណនេះ ដើម្បីទិញគ្រឿងទេស ម្ហូបអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើងតាមរយៈ កិច្ចសហការរវាងក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្រោមកិច្ចសហការជាមួយដៃគូក្នុងស្រុក ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការធ្វើការរួមគ្នាប្តេជ្ញាបន្តជួយគ្រាំទ្រសហគមន៍ ដែលក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ជួយ រៀបចំដំណើរការផ្សារតាមជំនាញឯកទេសផ្នែកលក់រាយរបស់ខ្លួន។តាមរយៈកិច្ចសហការនេះ អតិថិជន អាជីវកម្ម និងអង្គការដៃគូក្នុងស្រុក បានរួមចំណែកយ៉ាងសំខាន់ដល់គំនិតផ្តួចផ្តើម ដែលផ្តោតលើការជួយគាំទ្រដល់ក្រុមគ្រួសារក្នុងសហគមន៍ខ្មែរ។

លោក រៀល សុធារ៉ា ប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានមានប្រសាសន៍ថា៖ «ជាង ៣៣ឆ្នាំមកហើយ ដែលកូកា-កូឡា ត្រូវបានផលិតក្នុងប្រទេសខ្មែរយើង ដោយដៃខ្មែរសម្រាប់ប្រជាជនខ្មែរយើង។ យើងបានរីកចម្រើនទៅមុខជាមួយបុគ្គលិកខ្មែរដោយបានរួមសុខទុក្ខ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងបានក្លាយជាចំណែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ដែលយើងចាត់ទុកជាផ្ទះរបស់យើង។ ការរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ជាលើកទី ៣ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើជូនភេសជ្ជៈដល់ប្រជាជនខ្មែរតាមរយៈអាជីវកម្មរបស់យើង និងជាការតបស្នងត្រឡប់ទៅកាន់សហគមន៍របស់យើង ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនជាអតិថិជន និងអ្នកញ៉ាំកូកា-កូឡាទាំងអស់ទូទាំងប្រទេសបានចូលរួមចំណែកគាំទ្រជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍យើង»។

លោក គីម សេង នាយកជាន់ខ្ពស់ពាណិជ្ជកម្មនៃក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន កូកា-កូឡាខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្នុងគំនិតផ្តួចផ្តើមមួយដែលផ្តល់ភាពបត់បែន និងសេរីភាពជូនបងប្អូនប្រជាជនក្នុងការជ្រើសរើសផលិតផល ដែលស័ក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងក្នុងគ្រួសារ។ តាមរយៈបទពិសោធន៍លក់រាយរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសហគមន៍ យើងសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រនេះ ផ្តល់ផលប្រយោជន៍ស្របតាមតម្រូវការជាក់ស្តែងដល់បងប្អូនប្រជាជនខ្មែរ ដែលបានចូលរួមក្នុងកម្មវិធីដ៏ប្រសើរនេះ»។
 
ឯកឧត្តម ឃូ ពៅ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ព្រមទាំងដៃគូសហការទាំងអស់ ដែលបាននាំយកនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ មកកាន់បងប្អូនប្រជាជនក្នុងខេត្តបន្ទាយមានជ័យ។កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» បានផ្តល់ឱកាសឱ្យគ្រួសារងាយរងគ្រោះអាចជ្រើសរើសទំនិញចាំបាច់តាមតម្រូវការរបស់គ្រួសារនីមួយៗ ដោយពុំចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ។ ការជួយគាំទ្រនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍របស់យើង ហើយបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ និងសម្រាលបន្ទុកប្រជាជនដែលកំពុងខ្វះខាត»។

អ្នកស្រី ស៊ុន ពុំ ដែលបានចូលរួមក្នុងកម្មវិធីនៅខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបសប្បាយចិត្តណាស់ បានទិញម្ហូបអាហារនៅភូមិរងចាំ ដោយមិនអស់លុយ។ អរគុណដល់ក្រុមហ៊ុន កូកា-កូឡា»។

ចំណែកឯ អ្នកស្រី បុន ពឿន អ្នកចូលរួមម្នាក់ទៀតក៏បានសម្តែងអារម្មណ៍ថា៖«ខ្ញុំមកពីភូមិជោគជ័យ ហើយថ្ងៃនេះខ្ញុំបានមកភូមិរង់ចាំ ដើម្បីទិញម្ហូបអាហារ និងគ្រឿងទេសនៅក្នុងកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍»។ ខ្ញុំបានទិញគ្រឿងទេស មី និងភេសជ្ជៈ កូកា-កូឡា។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានឃើញបងប្អូនអ្នកភូមិរង់ចាំចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ ខ្ញុំនឹងយករបស់របរដែលទិញបានទាំងអស់នេះ ទៅធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំ។ សូមអរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានទិញរបស់របរដែលខ្ញុំត្រូវការ»។

កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដើម្បីជួយសហគមន៍លើកទី៣នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ក្នុងការឆ្លើយតប និងផ្តល់ផលប្រយោជន៍ត្រឡប់ទៅកាន់សហគមន៍វិញ ដែលក្រុមហ៊ុនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធអស់រយៈពេលជាងបីទសវត្សរ៍មកនេះ ព្រមទាំងបំផុសនូវស្មារតីសាមគ្គីភាពរួមគ្នា ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារដែលមានជីវភាពខ្វៈខាតនិងជំរុញពង្រឹងការអភវិឌ្ឍសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេសកម្ពុជា៕