កុមារីអាយុ១ឆ្នាំ រងរបួសដោយដែកគោលចាក់ចូលលលាដ៍ក្បាល ទទួលការវះកាត់ដោយជោគជ័យ
ស្ទឹងត្រែង៖ កុមារីអាយុទើបតែ១ឆ្នាំម្នាក់ ដែលរងរបួសក្បាលធ្ងន់ធ្ងរ ដោយមានដែកគោលចាក់ចូលក្នុងលលាដ៍ក្បាល បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួលការវះកាត់យកដែកគោលចេញដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក។ ក្រោយកើតហេតុ កុមារីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង មុននឹងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដើម្បីទទួលការព្យាបាលឯកទេស។
នៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានធ្វើការថតស្កេនខួរក្បាល (CT Scan) ដើម្បីវាយតម្លៃស្ថានភាពរបួស ពិនិត្យរកការហូរឈាមក្នុងខួរក្បាល និងកំណត់ទីតាំងដែកគោលដែលចាក់ចូលក្នុងលលាដ៍ក្បាល មុនពេលក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទសម្រេចធ្វើការវះកាត់យកដែកគោលចេញដោយជោគជ័យ។