ព័ត៌មានជាតិ

ច្រកអន្តោប្រវេសន៍ឆ្លាតវៃ បានដាក់ឱ្យដំណើរការជាផ្លូវការនៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញពីកម្ពុជា

image

ភ្នំពេញ៖​ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) បានដាក់ឱ្យដំណើរការជាផ្លូវការនៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញពីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំក្នុងការត្រួតពិនិត្យលិខិតឆ្លងដែន។

អ្នកដំណើរដែលអាចប្រើប្រាស់ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) រួមមាន ពលរដ្ឋកម្ពុជា និងអ្នកដំណើរបរទេសមកពីប្រទេសគោលដៅចំនួន ២១ប្រទេស ក្នុងនោះរួមមាន ប្រទេសសមាជិកអាស៊ាន អូស្ត្រាលី ចិន បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក។

សម្រាប់អ្នកដំណើរមកពីប្រទេសផ្សេងទៀត ដែលមានបំណងប្រើប្រាស់ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) តម្រូវឱ្យធ្លាប់ធ្វើដំណើរចូល ឬចេញពីព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ១លើក។

បន្ថែមពីនេះ សម្រាប់ជនបរទេស ត្រូវមានទិដ្ឋាការដែលមានសុពលភាព និងត្រូវបំពេញទម្រង់បែបបទចូលប្រទេសតាមប្រព័ន្ធអនឡាញ Cambodia e-Arrival ជាមុនសិន ទើបអាចប្រើប្រាស់ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) បាន៕