សភាពាណិជ្ជកម្មកម្ពុជាបញ្ចប់ដោយជោគជ័យកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបញ្ចប់ដោយជោគជ័យនូវកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
កម្មវិធីនេះទទួលបានលទ្ធផលជាផ្លែផ្កាតាមរយៈសកម្មភាពសំខាន់ៗជាច្រើន ក្នុងគោលបំណងពង្រឹងបណ្តាញធុរកិច្ចក្នុងស្រុក ស្វែងរកឱកាសវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការរវាងធុរជន និងលើកកម្ពស់ផលិតផលខ្មែរ។
ក្នុងអំឡុងពេលកម្មវិធី គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍ និងឱកាសវិនិយោគក្នុងខេត្ត។ ជាមួយគ្នានេះ ក៏បានរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មជាមួយសមាជិក សមាជិកា និងម្ចាស់អាជីវកម្មក្នុងខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្គូផ្គងធុរកិច្ច ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងស្វែងរកដៃគូសហការនាពេលអនាគត។
ក្រៅពីនេះ គណៈប្រតិភូក៏បានចុះទស្សនកិច្ចសិក្សាផ្ទាល់នៅតាមទីតាំងសិប្បកម្ម និងក្រុមហ៊ុនមួយចំនួនក្នុងខេត្ត រួមមាន សិប្បកម្ម លឹម សេង ហ៊្វូត ក្រុមហ៊ុន សាបារា បេសហ្វូត (គ្រឿងហ្លួង សាបារា) មជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា សច្ចៈ ក្រុមហ៊ុន Holly Creek Whisky Co., Ltd. និងកសិដ្ឋានឆ្លាតវៃបាគង។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីដំណើរការផលិត និងកែច្នៃផលិតផលក្នុងស្រុក ការអភិវឌ្ឍសិប្បកម្មខ្មែរ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការគ្រប់គ្រងគុណភាព និងស្តង់ដារផលិតកម្ម ព្រមទាំងការអនុវត្តបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ពិធីទទួលទានអាហារសាមគ្គីក៏បានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងធុរជនមកពីតំបន់ផ្សេងៗគ្នាផងដែរ។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដ៏មានតម្លៃដល់ពាណិជ្ជករ ម្ចាស់អាជីវកម្ម និងសមាជិក សមាជិកា ក្នុងការពង្រឹងបណ្តាញទំនាក់ទំនង ស្វែងយល់ពីសក្តានុពលអាជីវកម្មក្នុងតំបន់ បង្កើតឱកាសសហការផ្នែកពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការលើកកម្ពស់ផលិតផលខ្មែរ ការបង្កើនតម្លៃបន្ថែម និងការពង្រីកទីផ្សារផលិតផលក្នុងស្រុក។
សូមជម្រាបថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ។