សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញនិវត្តន៍មក កាន់មាតុប្រទេសវិញ បន្ទាប់ពីការចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន
ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកកាន់មាតុ ប្រទេសវិញ ដោយសុវត្ថិភាពបន្ទាប់ពីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA/អាយប៉ា) លើកទី៤៧ ដោយជោគជ័យ នាំផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស ហើយនៅក្នុងមហាសន្និបាតលើកទីន៤៧ បានបញ្ចូល រដ្ឋសភាទីម័រឡេស្ត ជាសមាជិកពេញសិទ្ធ។ ដូចនេះ ចាប់ពីពេលនេះតទៅ សមាជិក ១១ ដូចជា ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេ ស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងសភានៃសាធារណរដ្ឋទីម័រឡេស្ត។
អាយប៉ាជាវេទិកាសភាដ៏សំខាន់ដែលផ្តល់ ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាពិភាក្សា ផ្លាស់ប្តូរមតិយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ស្រ្តី សមាជិកសភាវ័យក្មេងសម្រាប់ដាក់ជូនអង្គនីតិប្រតិបត្តិ ពិចារណាដាក់បញ្ចូលក្នុងគោលនយោ បាយដឹកនាំ ជំរុញការអភិវឌ្ឍប្រកប ដោយ ចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។
អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ សម្តេចប្រធានរដ្ឋសភា និងសមាជិក សមាជិកាគណៈប្រតិភូទាំង អស់បានអញ្ជើញចូលរួមវេទិកា និងកិច្ច ប្រជុំពាក់ព័ន្ធ ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាប្រទេសដទៃទៀតក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីយ៉ាង សកម្ម និងប្រកបដោយផ្លែផ្កា សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំ នាក់ទំនងប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម ពិសេសផល ប្រយោជន៍ជូនប្រទេសជាតិ និងប្រជា ពលរដ្ឋ។
ជោគជ័យធំមួយរបស់សភាកម្ពុជា គឺស្ថានភាពពលរដ្ឋភៀសសឹកចំនួនជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញត្រូវបានដឹងឭក្នុងមហា សន្និបាតអាយប៉ាលើកទី៤៧។មហាសន្និបាតទំាងមូលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកទំាងអស់ និងបានលើកទឹកចិត្តភាគីទាំងពីរឱ្យគោរពយ៉ាងពេញលេញ និងអនុវត្តដោយស្មោះ ត្រង់ នូវការប្តេជ្ញាចិត្តឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ខែធ្នូ ឆ្នាំ ២០២៥ និងស្មារតីនែទីក្រុងសេប៊ូ ខែ ឧសភា ឆ្នាំ២០២៦ ថ្មីៗ ។
អាយប៉ា ក៏បានរំលេច ពីខួបលើកទី៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្ត ភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជារយៈពេលប្រាំទសវត្សរ៍នៃការជ្រើសរើសកិច្ចសន្ទនាជំនួសដើម្បីដោះស្រាយជម្លោះ និងកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខដាក់គ្នា ព្រមទាំងបានបញ្ជាក់ជាថ្មីនូវគោលការណ៍ដ៏យូរអង្វែងនៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបោះ បង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ផងដែរ។
វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើក កម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះ ទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹង ពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក។
មុនបិទបញ្ចប់កិច្ចប្រជុំមហាសន្និបាត ប្រធានអាយប៉ាលើកទី៤៧ បានប្រគល់ទង់អាយប៉ា ជូនដល់ លោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី ជានិមិត្តរូបនៃការផ្លាស់វេនជាប្រធានអាយប៉ា។ ប្រទេសសិង្ហបុរី នឹងត្រូវធ្វើជាប្រធានអាយប៉ា បន្តពីប្រទេសហ្វីលីពីន និងត្រូវរៀបចំមហាសន្និបាតអាយប៉ាលើក ទី៤៨ នៅក្នុងឆ្នាំ២០២៧ ខាងមុខ៕
អត្ថបទ៖ វង សុភ័ក្ត្រ