សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងប្រធាន FASMEC បានថ្លែងថា “ នេះជាលើកទី៤ ហើយ ដែល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC បានរៀបចំកម្មវិធីពិព័រណ៍នេះឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្តល់ឱកាសឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយ ដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្កដានុពលផលិតផលជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យស្គាល់កាន់តែច្បាស់ពីគុណភាពផលិតផលក្នុងស្រុក។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងប្រធាន FASMEC បានថ្លែងបន្តថា “ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បងប្អូនសហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាផងដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនបងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង”។
សូមជម្រាបថា កម្មវិធីក្នុងថ្ងៃនេះ មានអ្នកចូលរួម ដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង ២៥ រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយបណ្តាក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី