ព័ត៌មានជាតិ

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនកិច្ចកសិដ្ឋានឆ្លាតវៃបាគង ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលកសិកម្មទំនើប

image

សៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានបន្តចុះទស្សនកិច្ចនៅកសិដ្ឋានឆ្លាតវៃបាគង (Bakong Smart Farm) ស្ថិតក្នុងស្រុកបាគង ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មទំនើប ការអនុវត្តបច្ចេកទេស និងបច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម ព្រមទាំងការគ្រប់គ្រងធនធាន និងការអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាព។

កសិដ្ឋានឆ្លាតវៃបាគង គឺជាគំរូមួយនៃការអភិវឌ្ឍវិស័យកសិកម្មដោយផ្អែកលើបច្ចេកវិទ្យាទំនើប ដែលផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋាន តាមរយៈការប្រើប្រាស់ចំណេះដឹង បច្ចេកទេស និងនវានុវត្តន៍កសិកម្ម។ ការអនុវត្តកសិកម្មឆ្លាតវៃមានសារៈសំខាន់ក្នុងការជួយប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងបង្កើនទិន្នផលកសិកម្ម។

ទន្ទឹមនឹងនេះ ការអភិវឌ្ឍកសិដ្ឋានឆ្លាតវៃក៏បង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលរវាងវិស័យកសិកម្ម និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា រួមមាន ការគ្រប់គ្រងទឹក ការប្រើប្រាស់ធនធានធម្មជាតិ ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មក្នុងស្រុក។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីបទពិសោធន៍ និងគំរូនៃការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប ព្រមទាំងស្វែងរកលទ្ធភាពជំរុញកិច្ចសហការរវាងវិស័យឯកជន សហគ្រិន និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីរួមចំណែកលើកកម្ពស់ផលិតកម្មកសិកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ។