សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្តទស្សនកិច្ចរោងចក្រផលិតគ្រឿងទេស «គ្រឿងហ្លួង សាបារា» ដើម្បីស្វែងយល់ពីសក្តានុពលកែច្នៃកសិផលក្នុងស្រុក

image

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូពាណិជ្ជករ ចុះទស្សនកិច្ចនៅទីតាំងផលិតរបស់ក្រុមហ៊ុន សាបារា បេសហ្វូត (Sabara Best Food) ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលផលិត និងកែច្នៃគ្រឿងទេសខ្មែរ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ព្រមទាំងដំណើរការគ្រប់គ្រងផលិតកម្ម និងការអភិវឌ្ឍផលិតផលសម្រាប់ទីផ្សារ។


គ្រឿងហ្លួង សាបារា គឺជាផលិតផលគ្រឿងទេសខ្មែរដែលផលិតដោយក្រុមហ៊ុន សាបារា បេសហ្វូត ក្នុងគោលបំណងថែរក្សា និងផ្សព្វផ្សាយរសជាតិម្ហូបអាហារបែបប្រពៃណីខ្មែរ តាមរយៈការកែច្នៃគ្រឿងផ្សំស្រស់ៗទៅជាផលិតផលវេចខ្ចប់រួចរាល់ ដើម្បីសម្រួលដល់ការចម្អិនម្ហូបអាហារប្រចាំថ្ងៃ។ ផលិតផលរបស់ក្រុមហ៊ុនមានច្រើនប្រភេទ ដូចជា គ្រឿងអាម៉ុក គ្រឿងការី គ្រឿងសម្លម្ជូរគ្រឿង គ្រឿងសម្លកកូរ គ្រឿងសម្លប្រហើរ គ្រឿងសម្លណាំយ៉ា គ្រឿងឆាបាយ និងគ្រឿងប្រឡាក់សាច់ជាដើម។


អ្វីដែលគួរឱ្យកត់សម្គាល់ គឺការយកចិត្តទុកដាក់លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយក្រុមហ៊ុនមានកិច្ចសហការជាមួយកសិករតាមសហគមន៍នានាក្នុងខេត្តសៀមរាប ជាពិសេសនៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ដើម្បីផ្គត់ផ្គង់កសិផលស្រស់ៗសម្រាប់កែច្នៃជាគ្រឿងផ្សំ។ ការតភ្ជាប់រវាងផលិតកម្ម និងកសិករនៅមូលដ្ឋាននេះ មិនត្រឹមតែជួយបង្កើនតម្លៃបន្ថែមដល់កសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រភពចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករផងដែរ។


ជាមួយគ្នានេះ ដំណើរការផលិតគ្រឿងទេសក៏ផ្តោតសំខាន់លើគុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់តាមស្តង់ដារពាក់ព័ន្ធ។ ការអភិវឌ្ឍផលិតផលឱ្យមានគុណភាព និងការវេចខ្ចប់សមស្រប គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។


តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីគំរូអាជីវកម្មដែលភ្ជាប់ផលិតកម្ម កសិកម្ម និងទីផ្សារជាមួយគ្នា ព្រមទាំងទទួលបានបទពិសោធន៍ពីការអភិវឌ្ឍផលិតផលម្ហូបអាហារខ្មែរឱ្យមានស្តង់ដារ និងអាចឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ពាណិជ្ជករក្នុងការផ្លាស់ប្តូរចំណេះដឹង ស្វែងរកកិច្ចសហការ និងពិនិត្យលទ្ធភាពបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនាពេលអនាគត។


សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕