ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី​ ប្រាប់សហប្រធានការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ​OMCT​ អំពីភាពឃោឃៅនៃការរំលោភសិទ្ធិមនុស្សពីសំណាក់កងកម្លាំងរបស់ថៃមកលេីពលករកម្ពុជា

image

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ​ លោកស្រី Stella Anastasia សហប្រធានការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការពិភពលោកប្រឆាំងទារុណកម្ម (OMCT)​ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦​ ដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។

នាឱកាសនោះ​ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេសការប្រឆាំងនឹងការធ្វើទារុណកម្ម តាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលហាមឃាត់ដាច់ខាតនូវការធ្វើទារុណកម្ម និងការបង្ខិតបង្ខំលើរូបរាងកាយ ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ដែលបានកំណត់ការធ្វើទារុណកម្មជាបទល្មើស និងដាក់ចេញនូវទណ្ឌកម្មពាក់ព័ន្ធ ព្រមទាំងការផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្ត ឬទណ្ឌកម្មឯទៀត​ ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។

ទន្ទឹមនេះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបានរងការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ការវាយដំ ការរើសអើង និងការគំរាមកំហែង ពីក្រុមជ្រុលនិយមរបស់ថៃ រហូតមិនហ៊ានបង្ហាញអត្តសញ្ញាណខ្លួន ហើយក៏មានការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជា ពីសំណាក់កងទ័ពថៃ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យោធាថៃបានអនុញ្ញាតឱ្យមានការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ នៅពេលយប់ ដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែន ជាពិសេសស្ត្រី កុមារ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ​ ដែលជាការធ្វើទារុណកម្មផ្នែកផ្លូវចិត្ត ខុសទៅនឹងអនុសញ្ញា CAT។ ទង្វើនេះត្រូវបានសមាជិកព្រឹទ្ធសភាថៃ មន្ត្រីជាន់ខ្ពស់ថៃ​ អ្នកនយោបាយថៃ និងទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ទទួលស្គាល់ថា​ ជាការធ្វើទុក្ខបុកម្នេញផ្លូវចិត្ត និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញា CAT ផងដែរ។

លោកស្រី Stella Anastasia បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបពិភាក្សា ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការប្រឆាំងនឹងការធ្វើទារុណកម្ម។ លោកស្រីក៏បានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) ព្រមទាំងបង្ហាញពីឆន្ទៈក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសដល់ គ.ស.ម.ក. ផងដែរ។ ជាមួយគ្នានេះ លោកស្រីបានលើកឡើងពីបញ្ហាប្រឈម មួយចំនួនដែលគួរយកចិត្តទុកដាក់ រួមមាន ភាពចង្អៀតណែនក្នុងពន្ធនាគារ ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសទារុណកម្ម ដើម្បីឱ្យកាន់តែស្របតាមខ្លឹមសារនៃអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ព្រមទាំងនីតិវិធីទទួលស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹងរបស់ គ.ស.ម.ក.។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងដោះស្រាយបញ្ហានេះ តាមរយៈការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងការពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងមណ្ឌលស្តារនីតិសម្បទាជាបន្តបន្ទាប់ ព្រមទាំងការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងថ្ងៃបុណ្យជាតិសំខាន់ៗ។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ.ស.ម.ក. តែងតែចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលឃុំឃាំង ជាប្រចាំ ហើយសង្កេតឃើញថា​ ស្ថានភាពសិទ្ធិមនុស្សនៅតាមកន្លែងឃុំឃាំងមានភាពល្អប្រសើរ។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា​ បទប្បញ្ញត្តិ និងខ្លឹមសារនៃសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ សិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ (រួមទាំងអនុសញ្ញា CAT) គឺជាផ្នែកមួយនៃច្បាប់ជាធរមាន ហើយចៅក្រម និងស្ថាប័នមានសមត្ថកិច្ចអាចយកមកអនុវត្តដោយផ្ទាល់នៅកម្ពុជាបាន។

ពាក់ព័ន្ធនឹងការទទួលការស៊ើបអង្កេត និងការដោះស្រាយពាក្យបណ្តឹង គ.ស.ម.ក. មានយន្តការទទួលពាក្យបណ្តឹងដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈកម្មវិធីទូរសព្ទ (CHRC APPs) និងតាមរយៈប្រអប់បណ្ដឹងនៅក្នុងពន្ធនាគារ ហើយចាត់ក្រុមការងារ​ និងមេធាវីស្ម័គ្រចិត្តចុះស៊ើបអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ គ.ស.ម.ក. ក៏បានផ្តល់ជាជំនួយផ្នែកច្បាប់តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្លួន ដោយបានផ្តល់កិច្ចអន្តរាគមន៍ទាំងផ្នែកមនុស្សធម៌​ និងផ្នែកច្បាប់ ដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីការពារ ជាដើម៕