គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចុះទស្សនកិច្ចសិប្បកម្ម លឹម សេង ហ៊្វូត ដើម្បីស្វែងយល់ពីដំណើរការផលិត និងកែច្នៃផលិតផលក្នុងស្រុក
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅសិប្បកម្ម លឹម សេង ហ៊្វូត ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីដំណើរការផលិត ការកែច្នៃ និងការវេចខ្ចប់ផលិតផល ព្រមទាំងសិក្សាពីបទពិសោធន៍នៃការប្រកបអាជីវកម្មជាក់ស្តែង ក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រ និងជំរុញការអភិវឌ្ឍសហគ្រាស សិប្បកម្ម និងម្ចាស់អាជីវកម្មក្នុងស្រុក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង និងការបង្កើតឱកាសសហការធុរកិច្ចរវាងពាណិជ្ជករមកពីតំបន់ផ្សេងៗគ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកដល់ការពង្រីកផលិតកម្ម បង្កើនតម្លៃបន្ថែមលើផលិតផល និងបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់អាជីវកម្មក្នុងស្រុក។
ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិតក៏បានលើកអំពីការយកចិត្តទុកដាក់ចំពោះគុណភាពផលិតផល ការអនុវត្តស្តង់ដារអនាម័យ ការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងការបង្កើនសមត្ថភាពផលិតកម្ម ដែលជាកត្តាសំខាន់ក្នុងការធានាទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងបង្កើនលទ្ធភាពពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីសកម្មភាពផលិតកម្ម និងផលិតផលកែច្នៃសំខាន់ៗរបស់សិប្បកម្ម លឹម សេង ហ៊្វូត រួមមាន សាច់ក្រក សាច់គោងៀត សាច់ត្រីងៀតឆ្អិន សាច់ជ្រូកចង្អាក់ និងផលិតផលចំណីអាហារផ្សេងៗទៀត។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានសិក្សាដោយផ្ទាល់ពីដំណើរការផលិត ការកែច្នៃ ការគ្រប់គ្រងគុណភាព ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលឱ្យសមស្របតាមតម្រូវការទីផ្សារ។ ទស្សនកិច្ចនេះបានផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីសក្តានុពល និងបញ្ហាប្រឈមនៃវិស័យកែច្នៃចំណីអាហារក្នុងស្រុក ព្រមទាំងឱកាសក្នុងការបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម បង្កើតកិច្ចសហការធុរកិច្ច និងពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការតភ្ជាប់បណ្តាញធុរកិច្ច ការគាំទ្រសហគ្រាសក្នុងស្រុក និងការលើកកម្ពស់ផលិតផលខ្មែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕