កម្ពុជា ប្តេជ្ញាពន្លឿនបរិវត្តកម្មឌីជីថលឱ្យដល់ ៨០-៩០% ក្នុងរយៈពេល ៥ឆ្នាំ ដោយចំណាយថវិកាមិនលើស ១០០លានដុល្លារ
ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាពន្លឿនការធ្វើបរិវត្តកម្មឌីជីថលពីកម្រិត ១០ទៅ២០% នាពេលបច្ចុប្បន្ន ឱ្យឈានដល់ ៨០ទៅ៩០% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយរំពឹងថានឹងចំណាយថវិកាមិនលើសពី ១០០លានដុល្លារអាម៉េរិក តាមរយៈការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure-DPI) និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា កម្ពុជាបានចំណាយពេលប្រមាណ ២៦ឆ្នាំ ក្នុងការធ្វើបរិវត្តកម្មឌីជីថល ប៉ុន្តែសម្រេចបានត្រឹមប្រមាណ ១០ទៅ២០% ប៉ុណ្ណោះ បើធៀបនឹងប្រទេសមួយចំនួនដូចជាសិង្ហបុរី ដែលសម្រេចបាន ៨០ទៅ៩០% តែត្រូវចំណាយថវិកាអស់រាប់ពាន់លានដុល្លារ។
លោកបានបញ្ជាក់ថា ប្រសិនបើកម្ពុជាបន្តប្រើប្រាស់ប្រព័ន្ធ និងវិធីសាស្ត្រអភិវឌ្ឍបែបបច្ចុប្បន្ន ប្រទេសអាចត្រូវការពេលប្រមាណ ២០ឆ្នាំ ឬច្រើនជាងនេះទៀត ដើម្បីសម្រេចបានកម្រិតបរិវត្តកម្មឌីជីថល ៨០ទៅ៩០% ហើយត្រូវចំណាយថវិកាច្រើនផងដែរ។ ដូច្នេះ ក្រសួងបានចំណាយពេលប្រមាណ ៣ទៅ៤ឆ្នាំ សិក្សា និងរៀបចំដំណោះស្រាយបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយមិនចាំបាច់ចំណាយដល់ ២ពាន់លានដុល្លារដូចប្រទេសមួយចំនួននោះទេ។
ដំណោះស្រាយសំខាន់មួយដែលកម្ពុជាកំពុងអភិវឌ្ឍ គឺប្រព័ន្ធ DPI ដែលជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសម្រាប់គាំទ្រការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ប្រៀបដូចជាផ្លូវថ្នល់ អគ្គិសនី និងទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់សង្គម។ ប្រព័ន្ធនេះមានសមាសធាតុសំខាន់ៗ រួមមាន ប្រព័ន្ធអត្តសញ្ញាណឌីជីថល (Digital ID) ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ (Data Exchange) ប្រព័ន្ធទូទាត់ឌីជីថល (e-Payment) និងប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារ (Verify)។
ជាមួយគ្នានេះ កម្ពុជាក៏គ្រោងបង្កើតប្រព័ន្ធ Super App ដែលមានមុខងារ Mini App សម្រាប់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗដាក់បញ្ចូលសេវាសាធារណៈរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សមាសធាតុប្រព័ន្ធប្រមាណ ៨០% នឹងត្រូវបានរៀបចំជាស្រេច ដោយក្រសួងនីមួយៗត្រូវអភិវឌ្ឍបន្ថែមតែ ២០% ទៅតាមតម្រូវការរបស់ខ្លួន។ វិធីសាស្ត្រនេះអាចកាត់បន្ថយពេលវេលាដាក់សេវាសាធារណៈមួយឱ្យដំណើរការតាមអនឡាញមកត្រឹម ៣ទៅ៤សប្តាហ៍ ជំនួសឱ្យការអភិវឌ្ឍប្រព័ន្ធថ្មីពីដំបូងដែលអាចចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ។
ចំណុចពិសេសមួយទៀត គឺការបង្កើត Digital Wallet ដែលអាចផ្ទុកឯកសារឌីជីថលផ្លូវការរបស់ប្រជាពលរដ្ឋ ដូចជា អត្តសញ្ញាណបណ្ណ សញ្ញាបត្រ វិញ្ញាបនបត្រ ប័ណ្ណកម្មសិទ្ធិដីធ្លី និងលិខិតអនុញ្ញាតផ្សេងៗ។ ប្រជាពលរដ្ឋអាចរក្សាទុក និងយកឯកសារទាំងនេះមកប្រើប្រាស់នៅពេលត្រូវការសេវាណាមួយ ដោយមិនចាំបាច់ស្នើសុំឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធឡើងវិញ។
ជាឧទាហរណ៍ ការបន្តសុពលភាពប័ណ្ណបើកបរ ដែលបច្ចុប្បន្នប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅពិនិត្យសុខភាព និងរង់ចាំបំពេញនីតិវិធីនៅស្ថាប័នពាក់ព័ន្ធ នឹងអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែបញ្ចូលវិញ្ញាបនបត្រពិនិត្យសុខភាពដែលបានផ្ទៀងផ្ទាត់ និងប័ណ្ណបើកបរចាស់ទៅក្នុង Digital Wallet រួចដាក់ស្នើសុំតាម Super App ដែលអាចទទួលបានប័ណ្ណបើកបរថ្មីក្នុងរយៈពេលត្រឹម ១នាទី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញក្តីរំពឹងថា ប្រព័ន្ធថ្មីនេះនឹងអាចចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧ បន្ទាប់ពីទទួលបានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែឆាប់រហ័ស និងផ្តល់សេវាសាធារណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ៕